នាព្រឹកថ្ងៃសៅរ៍ ៦កេីត ខែអផ្សុក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំ ណើរដោយ អភិបាលរងខេត្ត មន្រ្តីជំនាញពាក់ពន្ធ័ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្ត ក្នុងក្រុងស្ទឹងត្រែង ជាពិសេសនៅតាមដងទន្លេទាំង ៤ ក្នុងខេត្ត រួមមាន ទន្លេមេគង្គ ទន្លេកុង ទន្លេសាន្ត និងទន្លេស្រែពក ។
នាឱកាសចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ក្រោយទន្លេមេគង្គឡើងដល់ចំនុចប្រកាសអាសន្ន ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថាគ្រោះទឹកជំនន់គឺបាននាំមកនៅការខូចខាតភោគផលដំណាំ ទឹកជន់លិចផ្លូវ ផ្ទះសម្បែង និងការខូចខាតនូវទ្រព្យសម្បតិ្តរដ្ឋ និងរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបន្តថានេះជាគ្រោះធម្មជាតិដែលបានកើតឡើងដោយយើងមិនអាចដឹងជាមុន ប៉ុន្តែទោះយ៉ាងណាអាជ្ញាធរបានត្រៀមលក្ខណៈគ្រប់គ្រាន់មានទាំងសម្ភារៈ និងកម្លាំងដើម្បីជម្លៀសប្រជាពលរដ្ឋរងគ្រោះទៅកាន់ទីទួលសុវត្តិភាព ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា៕