តាមប្រភពដែលបានឲ្យដឹងពីមហាជន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពេលបែកធ្លាយព័ត៌មានជាសាធារណៈ ដែលបានបង្ហោះនូវឃ្លីបវីដេអូភ្ជាប់ជាមួយនិងសារសំឡេង របស់មេការមើលខុសត្រូវកន្លែងការដ្ឋានចាក់ដីលុបច្រាំងទន្លេនោះ ហើយបាននិយាយអះអាងថា ប្រយ័ត្នលេងបានធ្វើជាអ្នកព័ត៌មានវើយ ទន្ទឹមនឹងនោះដែល និងមានពាក្យសម្ដីជេរប្រមាថភ្ញាក់ងាយមកលើអ្នកសារព័ត៌មានថែមទៀតផង ស្រាប់តែមួយសន្ទុះក្រោយមក ក៏មេការរូបនោះមិនអស់ចិត្ត បានបើកឡានតាមមករករឿងគេដល់ហាងគុយទាវថែមទៀតផង ។
នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងទៀតថា ទាក់ទងនឹងករណី បន្ទាប់ពីឃើញសំម្តីរបស់មេការូបនេះ គឺមានឈ្មោះ ប៊ុន ថន ជាអ្នកមើលការខុសត្រូវការដ្ឋានគ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីលុបច្រាំងទន្លេ និងបានបោះពាក្យសម្ដីអួតអាងខ្ដែងៗថា ដីមួយកន្លែងនេះកុំចង់មកប៉ះប្រយ័ត្នវើយ គឺលោក គុណ ញឹម រដ្ធមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអ្នកឲ្យទិញ ។
គួរបញ្ជាក់ផងដែរថា បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងដីចំណីទន្លេ ,ស្ទឹង បឹង ព្រែក ប្រឡាយ គឺគ្មានបុគ្គល់ណាម្នាក់មានសិទ្ធិ ទិញឬលក់នោះឡើយ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះពោលគឺមានក្រុមឈ្មួញគប់ជេដី ដែលទិញពីប្រជាពលរដ្ឋ ដើម្បីបន្តទៅលក់ឱ្យអ្នកមានអំណាចធំៗមួយចំនួន មិនតែប៉ុណ្ណោះគឺដោយសារមានលុយ និងអាងអំណាច ទើបហ៊ានឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធជាដើម ដោយសកម្មភាពឈូសឆាយ ចាក់ដីលុប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាក់ស្ដែងបើតាមការស្ដាប់សម្តីដែលបានបញ្ជាក់ប្រាប់ថា ដីមួយកន្លែងនេះ គឺរបស់លោក គុណ ញឹម ជាអ្នកទិញ ។
ទាក់ទងទៅនឹងការលើកឡើងខាងលើនេះ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានមហាជនមានការងឿងឆ្ងល់ និងរិះគន់ថា ដោយសារមានអំណាចបែបនេះ ទើបហ៊ាន ដាក់ឲ្យកម្មករធ្វើសកម្មភាពដឹកជញ្ជូនអាចម៌ដី ចាក់លុបច្រាំងទន្លេដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន អាជ្ញាធរពាក់ព័ន្ធមិនហ៊ានក្អកនោះឡើយ បន្ថែមពីនេះត្រូវបានមហាជនលើកឡើងថា បើប្រជាពលរដ្ឋទន់ខ្សោយ គ្មានអំណាចគឺជាប់គុកតែម្ដង តែបើចំពោះអ្នកមានអំណាចវិញ គឺពុំដែលឃើញមានអាជ្ញាធរពាក់ព័ន្ធ ទៅក្បែរកន្លែងគេផង ។
សូមជម្រាបថាបើទោះបីជាកន្លងមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បញ្ជាឲ្យក្រុមហ៊ុនឯកជនមួយ របស់លោកជំទាវដ៏មានឥទ្ធិពល ដើម្បីឲ្យកាយដីក្រហម ចេញពីឆ្នេរសមុទ្ររួចម្តងហើយ ដោយឡែកដូចករណីនេះដែលកំពុងចាក់ដីលុបលុបច្រាំងទន្លេរំលោភយកបែបនេះ ទើបពលរដ្ឋបានទទូចស្នើរកកិច្ចអន្តរាគមន៍ដល់ សម្ដេច នឹងចាប់វិធានការទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួន ដូចកាលនៅខេត្តកំពង់ឆ្នាំង ជាក់ជាពុំខានឡើយ ៕