ក្រុងប៉ោយប៉ែត ៖ លោក ពិន សាវឿត ដែលគេស្គាល់ថា ជាអ្នកមានស្តុកស្តម្ភម្នាក់ និងមានតួនាទីជា ទីប្រឹក្សាសម្ដេចសង្ឃរាជផងនោះ បានប្រើអំណាច គម្រាមកំហែង ប្រជាពលរដ្ឋ ស្លូតត្រង់ មួយគ្រួសារ ដែលធ្វើតូបលក់មាន់ លើដីចំណីផ្លូវរថភ្លើង ជាកម្មសិទ្ធរបស់រដ្ឋ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើយោងតាមការឱ្យដឹងពី លោក ហ៊ុល សំអូន ចៅសង្កាត់និមិត្ត និងក្រុមការងារ បានឱ្យដឹងថា ទីតាំងដែលប្ដីប្រពន្ធ ធ្វើតូបលក់មាន់នោះ ជាកម្មសិទ្ធរបស់រដ្ឋ មិនប៉ះពាល់ដល់ក្បាលដី លោក ពិន សាវឿតនោះទេ ម្ដេចក៏លោកហ៊ានទារលុយថ្លៃជួលដីទៅវិញ ។
លោកចៅសង្កាត់បានបន្តទៀតថា អ្នកដែលមានសិទ្ធដេញ គឺអាជ្ញាធរ មិនមែនលោក ពិន សាវឿត នោះទេ ព្រោះដីលោកនៅម្ខាងស្ពាន បើអាជ្ញាធរដេញគឺត្រូវឲ្យរើទាំងអស់គ្នា ចឹងហើយ ទើបឲ្យគាត់លក់បន្ត ។ ប៉ុន្តែដោយខ្លាចអំណាច លោក ពិន សាវឿត ប្ដីប្រពន្ធ ជាប្រជា ពលរដ្ឋលក់មាន់នោះ ក៏ព្រមបង់លុយចំនួន២០មុឺនរៀល ទៅលោក ពិន សាវឿត ដោយខ្លាច លោកឈូសកម្ទេចរោងលក់មាន់ របស់ពួកគាត់ចោល ។
ដូច្នេះហើយ ទើបមានពាក្យខ្សឹបខ្សៀវថា អស់ទាល់ ដីចំណីផ្លូវរថភ្លើង ជាកម្មសិទ្ធ របស់រដ្ឋសោះ បែរជាលោក ពិន សាវឿត ប្រើអំណាច ជាទីប្រឹក្សាសម្ដេចសង្ឃ គម្រាមកំហែង ចង់ឈូសតូបលក់មាន់ ប្រជាពលរដ្ឋ ស្លូតត្រង់ ចោល ព្រោះខឹង ទារលុយ ថ្លៃជួលតូប លើដីរដ្ឋ តម្លៃ ២០មុឺនរៀល មិនបានទៅវិញ …?
ពាក់ព័ន្ធនិងព័ត៌មាន ចោទប្រកានខាងលើ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយ ពីលោក ពិន សាវឿត ជាអ្នកមានស្តុកស្តម្ភម្នាក់ និងមានតួនាទីជាទីប្រឹក្សាសម្ដេចសង្ឃរាជ នៅក្រុងប៉ោយប៉ែតបាននោះទេ ព្រោះគ្មានលេខ ៕