កំពង់ធំ/ ដីព្រៃលិចទឹក តំបន់៣ នៅចំណុចទួលគម្រ តំបន់បឹងទង់ ឋិតនៅក្នុងភូមិសាស្ត្រ ឃុំស្រទ្បៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រមាណពី៣៥ ទៅ៤៥ ហិតា ត្រូវបានរងការឈូសឆាយ ដោយមានគ្រឿងចក្រ បោះជម្រុំ ប្រចាំ ការនៅទីនោះស្រេចទៀតផង ។
យោងតាមប្រភពព័ត៌មាន នៅទីនោះ ថា ចំណុចការឈូសឆាយដីព្រៃនេះ បើតាមគាត់ដឹង គឺជាតំបន់៣ចំតែម្ដង គ្មានប្រជាពលរដ្ឋ ហ៊ានប៉ះពាល់ទេ ប៉ុន្តែម្ចាស់ដីនេះ លឺថា គាត់ឈ្មោះអៀង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយគេល្បីថាគាត់ ជាមន្ត្រីតុលាការ ខេត្តកំពង់ឆ្នាំង ទើបហ៊ានឈូសឆាយដីនៅចំណុចនេះ ហើយមិនមែន មានតែមួយកន្លែង ហ្នឹងទេ គឺមានច្រើនកន្លែងទៀត ដូចជានៅខាង ក្រោមទួលតាមុំ ឋិតក្នុងភូមិគោកត្របែក ជាដើម គឺឈូសឆាយតាំងពីឆ្នាំ២០២១ មកម្លេះ។
ជួបតាមទូរស័ព្ទ ឈ្មោះអៀង បានឆ្លើយបំភ្លឺថា ដីដែលគាត់ ឈូសឆាយនោះ គឺគេកាត់ចូលតំបន់០១អស់ហើយ ហើយថែមទាំងមានបង្កាន់ដៃ សម្រាប់ធ្វើប័ណ្ណកម្មសិទ្ធទៀតផង។
បន្ទាប់ពីអ្នកសារព័ត៌មានយើង បានបញ្ជូនព័ត៌មាននេះជាបឋម ទៅក្នុងគ្រុបតេឡេក្រាម ខេត្តកំពង់ធំ នៅម៉ោង៣ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានបញ្ជា ឱ្យរដ្ឋបាលស្រុកតាំងគោក ចុះពិនិត្យភ្លាមៗដែរ ។
ជាក់ស្ដែង នៅល្ងាចជិតយប់ទៅហើយ កម្លាំងរដ្ឋបាលស្រុកតាំងគោក ដែលមានមន្ត្រីជលផលផងនោះ បានទៅដល់ ទីតាំងឈូសឆាយ ប៉ុន្តែគ្រឿងចក្រទាំងនោះ បានបើកគេចចេញ មុនពេលសមត្ថកិច្ចទៅដល់.. គឺបើកចេញមកតាមឃុំ សំរោងសែន ហើយឆ្ពោះឡើងទៅឃុំដារ ស្រុកកំពង់លែង។
ក្រុមការងារ ដែលចុះទៅពិនិត្យដីឈូសឆាយនេះ បានប្រាប់អ្នកសារព័ត៌មានថា ឃើញការដី ឈូសឆាយ នោះ ហើយតែក្រុមការងារ បានថតបញ្ជូនទៅថ្នាក់លើមួយជំហានហើយ និងរង់ចាំការពិនិត្យ និងវាយតម្លៃ តើដីនោះ ឋិតនៅតំបន់ ស្របច្បាប់ ឬខុស ច្បាប់។
ជាមួយគ្នានេះ មន្ត្រីម្នាក់ នៃក្រុមការងារនេះ (សុំមិនបញ្ចេញឈ្មោះ) បានលួចខ្សឹប ប្រាប់ថា ដី នេះ ឋិតនៅក្នុងតំបន់ ៣ ពិតមែនហើយ ប៉ុន្តែកន្លងមក គាត់តូចជាងគេ ម្លោះហើយស្រេចតែគេចុះ គាត់មិនហ៊ានថ្លាថ្លែងនោះទេ បើថ្នាក់លើដឹងកាលណា..កាលហ្នឹងចុះ៕