ខេត្តរតនៈគីរី៖ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ទំនងប៉ុស្តិ៍នគរបាលរដ្ឋបាលឯកភាព និងអធិការនគរបាលស្រុកអូរជុំ មានការទំនាក់ទំនងគ្នាល្អជាមួយមេបនល្បែងស៊ីសងហើយមើលទៅបានជាមិនឃើញមានការចុះបង្ក្រាប ខណៈល្បែងស៊ីសង ប្រភេទជល់មាន់ អាប៉ោង យូគី បើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង មានទាំងឡាន ម៉ូតូ ចេញ–ចូលដូចគេហែកឋិន នៅចំណុចចំការកៅស៊ូមួយកន្លែង ស្ថិតនៅក្នុងភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនៈគីរី ជាយូខែមកហើយនោះ។
ទំនងទីតាំងខាងលើអាងមានខ្នងបង្អែងរឹងមាំហើយមើលទៅ បានជាធ្វើឬកក្រអើតក្រទម ហាក់មិនខ្លាចញញើតនឹងច្បាប់ ពិសេសសមត្ថកិច្ចនោះឡើយ ខណៈអ្នកសារព័ត៌មាន ចុះផ្តិតយករូបភាពកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក៏ត្រូវបានម្ចាស់ទីតាំង(អ្នកបើកល្បែង) និងអ្នកអ្នកញៀនល្បែង ប្រើពាក្យពេចន៍មិនសមរម្យ គំរាមកំហែង បង្កហឹង្សា និងបោកឧបករណ៍យកព័ត៌មាន បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។ក្រោយពីកើតហេតុអ្នកសារព័ត៌មានយើងក៏បានខលទូរសព្ទរាយការណ៍ជូនមេប៉ុស្តិ៍ឃុំឯកភាព លោកឆ្លើយថា រងចាំបទបញ្ជាពីអធិការស្រុកអូរជុំ សិនហើយក៏ស្ងាត់ឈឹង។ចំណែកលោក ហ៊ុង គឹមសេង អធិការស្រុកអូរជុំ ពេលខលចូលជាច្រើនដង មិនមានអ្នកទទួល។
ការបើឲ្យលេងល្បែងស៊ីសងនេះត្រូវបានគេមើលឃើញថា ជះឥទ្ធិពលអាក្រក់ដល់សង្គម ពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដូច្នេះហើយទើបបានជាប្រមុខរាជារដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តឲ្យខានតែបាន ដោយមិនយោគយល់ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះថាតំបន់ដែលមានល្បែងស៊ីសងតែងតែកើតមានឡើង នូវអំពើ និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ ។ដោយសារឥទ្ធិពល នៃការញៀនល្បែង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់បំណុលគេជុំទិស បង្កជាអសន្តិសុខក្នុងសង្គមជាដើ ម ។ដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ ដោយសុខសាន្ត មិនមានការភ័យខ្លាច សូមស្នើឱ្យស្នងការនគរបាលខេត្តរតនៈគីរីមានវិធានការទប់ស្កាត់ផងទាន ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តនាពេលកន្លងមកនេះ ៕






































