កណ្តាល៖ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដែលមានទីតាំងនៅភូមិអន្លង់រមៀត ឃុំកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើដងផ្លូវជាតិលេខ៣ បច្ចុប្បន្នត្រូវពលរដ្ឋហៅឈ្មោះថា (ស្ថានីយ៍ជញ្ជីងភ្នែក)ឯខ្លះហៅថា(ស្ថានីយ៍រាប់ឡាន)។ ការហៅនេះព្រោះតែពលរដ្ឋគេឃើញមន្ត្រីទីនោះ យកជញ្ជីងទៅគ្រាន់តែដាក់តាំងធ្វើជាយីហោរកសុីប៉ុណ្ណោះ ។ពេលឡានមកដល់ម្តងពួកគេឃើញមន្ត្រីទីនោះគ្រាន់តែបោះកន្ទុយភ្នែកសម្លឹងម៉ាឆ្វាច់ ស្គេនដឹងច្បាស់ថាឈ្មួញដឹកលើសឬខ្វះពូកែជាងជញ្ជីងទៅទៀតដោយមិនដែលថ្លឹងឡើយ។ម៉្យាងរឿងដែលពិសេសនិងដែលពួកពលរដ្ឋបានមើលឃើញនឹងភ្នែកច្បាស់ក្រឡែតនោះគឺ សកម្មភាពពួកគេបែរជាមមាញឹកប្រមូលផលពីឡានធំៗនិងក្រុមដឹកថ្ម គ្រួស ខ្សាច់ ដី យ៉ាងអនាធិបតេយ្យម៉្ងៃៗរាប់ពាន់ឡាននោះទៅវិញ។នេះបានហៅ ថាត្រូវប៉ាន់គ្រប់ទឹកតែម្តង?។
ពលរដ្ឋរស់នៅក្បែរស្ថានីយ៍ជញ្ជីងភ្នែករាប់ក្បាលឡានគ្រប់គ្រងដោយលោកចេង ឃីមខាងលើនោះបានឲ្យដឹងថា មន្ត្រីប្រចាំនៅស្ថានីយ៍នោះ កំពុងតែកើបលុយយ៉ាងគគ្រឹកគគ្រេងពីក្រុមឈ្មួញដឹកទំនិញដោយឡានធំៗដឹកលាន់ដូចហែកផ្លូវ ដែលបើកឆ្លងកាត់តាមផ្លូវជាតិលេខ៣នោះ មិនប្រហែសអោយរួចពីការបង់ប្រាក់តាមមាត់មួយឡើយ ។ ពួកមន្ត្រីទាំងនោះមិនខ្ចីខ្វល់រឿងបំពេញការងារឲ្យបានម៉ត់ចត់ត្រឹមត្រូវនិងខ្វល់រឿងទទួលខុសត្រូវលើការខួចខាតផ្លូវជាតិទេ បែរជានាំគ្នាសប្បាយកើបលុយធ្វើព្រងើយទៅវិញ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ភូមិអន្លង់រមៀត ឃុំកំពង់ទួល នោះតែងតែតម្រូវឲ្យក្រុមរថយន្តដឹកទាំងនោះបើករថយន្តឈប់ពីចម្ងាយពីស្ថានីយ៍ជញ្ជីងថ្លឹងឬទៅឱ្យហួសស្ថានីយជញ្ជីងថ្លឹងដើម្បីដើរទៅបង់លុយចំនួន៤ម៉ឺនរៀលក្នុង១ឡាន ឬច្រើនជាង ១០មុឺនគុណទ្វេដងឬ៣ដង បើដឹងខ្លួនថារថយន្តខ្លួនដឹកលើសទម្ងន់។ ពោលគឺត្រូវបង់ទៅតាមការព្រមព្រាងគ្នាពីមុនៗ។ ព្រោះបើរថយន្តរបស់ខ្លួនដឹកលើសទម្ងន់ហើយចូលថ្លឹងក្នុងជញ្ជីងវិញហើយឃើញថាលើសនឹងត្រូវផាកពិន័យអស់ច្រើនជាងនោះទៅទៀតប៉ុន្មានដង?។ចំណែកឯរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្មវិញគឺជាករណីពិសេសសម្រាប់មន្ត្រីជញ្ជីងភ្នែកកំពង់ទួល ពួកគេដឹងច្បាស់ណាស់ថា ឡានចំណុះ៥តោនត្រូវផ្ទុកអាចម៍ដី ថ្ម ខ្សាច់បានប៉ុន្មានម៉ែត្រគុប?ស្របតាមច្បាប់ឯអ្នកដឹកត្រូវតែដាក់លើសប៉ុន្មានម៉ែត្រគុបទើបរកសុីចំណេញឬធ្វើអោយត្រូវនឹងកុងត្រា(ដឹកអោយអ្នកជួល) រឿងបែបនេះមន្ត្រីជញ្ជីងភ្នែកសុីផុយ ឆ្ងាញ់ជាងសាច់ឈ្លូសទៅទៀត។
មន្ត្រីជញ្ជីងនិងអ្នកដឹកត្រូវតែយល់ចិត្តគ្នា មអ្នកដឹកមិនបាច់និយាយច្រើនទេ ឯមន្ត្រីជញ្ជីងក៏អាចចាត់ទុកជាអាហារឆ្ងាញ់ដែរ ពួកមន្ត្រីគ្រាន់តែមើលថាមានក្រុមឡានចំនួនប៉ុន្មានក្រុមជាម៉ូយក្រុមដឹកឆ្លងកាត់ ឬមានបានប៉ុន្មានរយឡាន ហើយ និយាយអោយត្រូវគ្នាតែម្តងទៅចប់បាត់ទៅហើយ ចង់ដឹកទាល់តែបាក់ឡានក៏ដឹកទៅបង់តែលុយអោយត្រឹមត្រូវគ្រប់ចំនួនកំណត់ដាក់ខែឬរាប់ក្បាលទៅបានហើយ។
ពលរដ្ឋថា លុយប្រមូលបានពីរថយន្តដែលបើកបរឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនោះចូលក្នុងថង់ថវិកាជាតិខ្លះដែរ តែក៏នៅតែសុីក្រៅខ្លះ ចូលក្នុងហោប៉ៅមន្ត្រីពុករលួយទាំងនោះដែរ រាប់មុឺនដុល្លារក្នុងមួយខែៗ។ ដោយឡែកឡានដឹកថ្ម ខ្សាច់ ដី ដែលមួយខែៗឆ្លងកាត់រាប់មុឺនឡានចំណូលរាប់សឹបមុឺនដុល្លារដែរ អាចនឹងសុីដាច់ភឹងតែម្តងដើម្បីស្រង់ដើម នឹងចែកមេៗថ្នាក់លើទប់ខ្លះ ជាការទប់ជើងកៅអី យកប៉ុស្តិ៍ឈរជើងបន្តប៉ុណ្ណោះ។
ក្រសួងសាធារណៈការគួរបើកប្រស្រីមើលផង ឯក្រុមប្រឆាំងអំពើពុករលួយត្រូវតែជួយទប់ស្កាត់ជាប្រយោជន៍ជាតិផងសូមលោកឳមយិនទៀងកុំដេកសុីត្រគៀកងាប់ស្តូកបានទេ?
លោក ចេង ឃីម ដែលពលរដ្ឋហៅថា(ប្រធានស្ថានីយ៍ជញ្ជីងភ្នែក ឬស្ថានីយ៍រាប់ក្បាលឡាន)មិនអាចទាក់ទងសុំអត្ថាធិប្បាយពន្យល់បានទេពីព្រឹកមិញ។ រីឯលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងទូទាំងប្រទេសក៏មិនអាចទាក់ទងសុំពន្យល់អំពីករណីល្បីរបស់លោកប្រធានជញ្ជីងថ្លឹងរថយន្តពុករលួយដាច់បង្ហៀរ តាមពត័មានដែលទទួលបាននេះបានដែរនៅពេលនេះ ៕