យោងតាមប្រភព ពីប្រជាពលរដ្ឋនៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ បានបង្ហើបអោយដឹងថា ពិតជាមានការបើកអោយលេងល្បែង សុីសង ខុសច្បាប់ដូចជា ជល់មាន់ អាប៉ោង និងយូគីពិតប្រាកដមែន តែមិនមែនលេងនៅឃ្លាំងទីតាំងចាស់នោះទេគឺ ម្តងនេះលេងក្នុងចំការកៅស៊ូប្រមាណ១គីឡូម៉ែត្រពីទីតាំងចាស់នោះ។
យោងតាមពីប្រជាពលរដ្ឋបានខ្សឹបប្រាប់សារព័ត៌មានឲ្យដឹងថា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ សំណូមពរអោយជួយផ្សព្វផ្សាយ ពីសកម្មភាពបនល្បែងសុីសងខុសច្បាប់១កន្លែងផង នៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ រួមមាន៖ ជល់មាន់់,អាប៉ោង និងយូគីជាដើម បានបើកលេងយ៉ាងគគ្រឹកគក្រេងវិញហើយបន្ទាប់ពីបិទរយៈពេលខ្លី។
ប្រភពបន្តថា ការបើកលេងម្តងនេះ គឺ ឈ្មោះ តន មេការម្តងបន្ទាប់ពីការបើកលេងលើកមុនឈ្មោះថន ប៊ុន ធី ហៅ ធី បាញ់ ជាមេការតែត្រូវសមត្ថកិច្ចចុះបង្រា្កបដោយសារបែកធ្លាយតាមសារព័ត៌មានចុះផ្សាយ។
ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក ហេង ប៊ុន្នី អភិបាលស្រុក បរកែវ បានអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២២ យ៉ាងខ្លីថា លោកនឹងអោយអធិការចាត់កម្លាំងទៅមើលសិន។ ចំណែកលោក ថេង ចន្ធី អធិការស្រុកបរកែវ ក៏បានអោយដឹងតាមទូរស័ព្ទនៅថ្ងៃដដែលនេះផងដែរថា លោកមិនទាន់ទទួលព័ត៌មានពីការលេងល្បែងសុីសង ខុសច្បាប់នៅទីតាំងខាងលើនោះទេ។ ឥឡូវលោកកំពុងរវល់បុណ្យសពឪពុកក្មេក តែបើមានលេងមែន លោកនឹងចាត់កម្លាំងចុះបង្រ្កាបតែម្តង។
សូមបញ្ជាក់ថា បញ្ហាល្បែងសុីសងនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក យិន ចំណាន ស្នងការខេត្ត បានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបអោយខានតែបានបើសិនជាមានក្នុងមូលដ្ឋានរបស់ខ្លួន៕