ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ កំពុងមានការិៈគន់ពីសំណាក់កូនទាហាន របស់ខ្លួនថា បានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញ គ្រប់ប្រភេទសម្រាប់ទុក ចែក ចាយ តាមខេត្ត និងរាជធានី ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានច្រករបៀងមួយកន្លែង ហៅច្រកព្រៃចាន់ តំបន់ ៥ កាន់កាប់ដោយយោធាវរសេនាតូចថ្មើរជើង លេខ៥០៣ ក្រោមការដឹកនាំរបស់វរៈសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង នៃវរសេនាតូចថ្មើរជើងបានបើកដៃនឹងឃុបឃិតជាមួយឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់ទាំងយប់កណ្ដាលអាធ្រាត ចំណុចច្រករបៀងព្រៃ ចាន់ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែងនៅយប់រំលងអាធ្រាតនៅថ្ងៃសុក្រទី១៩ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង១១ ក្រុមការងារសារព័ត៌មានគេហទំព័រយើងបានចុះផ្ដិតយករូបភាព បានឃើញទំនិញគេចពន្ធដឹកតាមរថយន្តសាំយ៉ុង ឬ រថយន្តតូយ៉ូតា ដឹកចេញពីច្រកព្រៃចាន់ ឆ្ពោះទៅផ្លូវជាតិលេខ ៥៨ និងបានឆ្លងកាត់គយចល័តប្រចាំការនៅទីនោះ ដែលឈរជើងនៅច្រកព្រៃចាន់នោះផងដែរ ដោយមិនមានការត្រួតពិនិត្យ។ នេះសបញ្ជាក់ឲ្យឃើញថា ទាំងមន្ត្រីយោធាការពារព្រំដែន ទាំងមន្ត្រីគយចល័តដែលឈរជើង ទាំងឈ្មួញពិតជាឃុបឃិតគ្នាជាប្រព័ន្ធមែន។
គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី ៣ តុលា ឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេស ជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការតាមច្រករបៀង ធ្វើឲ្យចេះឥទ្ធិពលមិនល្អ។
ប៉ុន្តែច្រករបៀងតំបន់៥វរសេតូចថ្មើជើង ៥០៣ ដែលគ្រប់គ្រងដោយលោកវរសេនីយ៍ទោ អ៊ុន ចាន់ នៅតែផ្គើននឹងអនុសាសន៍ថ្នាក់ដឹកនាំ លួចបើកនិងឃុបឃិតគ្នាជាមួយឈ្មួញនាំទំនិញកិច្ចពន្ធចេញចូលជាហូរហែរទាំងយប់ទាំងថ្ងៃ ធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
បណ្ដាញសារព័ត៌មានយើង មិនអាចទំនាក់ទំនង ដើម្បីសុំការបញ្ជាក់ពីបញ្ហានាំទំនិញ របស់ ជនជាតិថៃ និងក្រុមឈ្មួញ ដែលយកទំនិញ ក្រោមការគ្រប់គ្រង ដោយលោកផ្ទាល់ នៅក្បែរច្រករបៀង ខាងលើនោះឡើយ ៕