ខេត្តបន្ទាយមានជ័យ ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង ឯកឧត្តម សួន បវរអភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជនានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសេនាធិការនិងសមិទ្ធិផលនានា ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧នេះ ។
វត្តមានអញ្ជលញចូលរួមជាកិត្តិយសមានលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្ត្រីអាវុធហត្ថជាន់ខ្ពស់ មកពីគ្រប់ខេត្តក្រុងជាច្រើននាក់បានចូលរួមផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ឯកឧត្តម រ័ត្ន ស្រ៊ាង បានមានប្រសាស៍ឱ្យដឹងថា អគារសេនាធិការដ្ឋាននិងសមិទ្ធផលទាំងនេះ បានផ្តើមចេញពីស្មារតីទទួលខុសត្រូវ និងមានឆន្ទៈលះបង់ខ្ពស់ ក្នុងអំឡុងដើមឆ្នាំ២០១៣ ដោយបានធ្វើការទំនាក់ទំនងជាមួយបងប្អូនអាជីវករជនជាតិសឹង្ហបូរីនិងចិន ដើម្បីឱ្យជួយគាំទ្រថវិកាដល់គម្រោងសាងសង់នេះ ។
អគារសេនាធិការដ្ឋាននេះ មានកម្ពស់៤ជាន់ ស្មើនឹង៤០៥,៦៥ម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ពន្ធ ជាច្រើនទៀត ព្រមទាំងសម្ភារៈ បរិក្ខារ ចំណាយថវិកាសរុបចំនួន ៥០៥.៨៨៧,៧៥ដុល្លារ ដែលជាថវិកាបានមកពីការជួយឧបត្ថម្ភពីសំណាក់សប្បុរជន និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ក្នុងនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យកំលាំងកងរាជអាវុធហត្ថទូទាំងប្រទេសត្រូវអនុវត្តតាមផែនការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទរយៈពេល ៥ឆ្នាំ ២០១៥-២០១៩ ។ កងរាជអាវុធហត្ថត្រូវរៀបចំយុទ្ធសាស្ត្រស្នូលចំនួន៤ជាអាទិភាពទី១កិច្ចការងារកសាងកម្លាំង ទី២កិច្ចការងារហ្វឹកហ្វឺន អប់រំបណ្តុះបណ្តាល ទី៣ កិច្ចការងារកសាងអង្គភាពនិងទី៤ការតម្រង់ទិស ពង្រឹងប្រសិទ្ធភាពការអនុវត្តនូវតួនាទី ភារកិច្ចផងដែរ។ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ សៅសុខា បានផ្តាំផ្ញើរឲ្យនាយទាហាន និងនាយទាហានរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្ស យូរអង្វែងសម្រាប់តជំនាន់ក្រោយក្នុងផលប្រយោជន៍បម្រើប្រជាជននិងប្រទេសជាតិ ។ លោកបានឲ្យកំលាំងអាវុធហត្ថទាំងអស់បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ស្មារតីសហការ និងមានទំនាក់ទំនងល្អជាមួយប្រជាជន បន្តពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បន្តហ្វឹកហ្វឺន អប់រំ ពង្រឹងកាយសម្បទា និងលើកកម្ពស់សមត្ថភាពជាប្រចាំ បន្តយកចិត្តទុកដាក់ ដោះស្រាយគោលនយោបាយលើកទឹកចិត្ត គោលនយោបាយដោះស្រាយការលំបាក និងជួយគ្នាទៅវិញទៅមកក្នុងក្របខណ្ឌស្មារតីនៃមហាគ្រួសារកងរាជអាវុធហត្ថ ។
កំលាំងអាវុធហត្ថទាំងអស់ក្នុងកិច្ចប្រតិបត្តិតួនាទី ភារកិច្ច ត្រូវរក្សាឲ្យបានការគោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប្រកាន់ភ្ជាប់នូវសីលធម៌ ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះ និងការប្រើប្រាស់មធ្យោបាយកងទ័ព បង្ក្រាបការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយកងទ័ពបំពានច្បាប់ជាដើម ។
កំលាំងអាវុធហត្ថទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធនាការទ្រង់ទ្រាយធំដែលរាជរដ្ឋាភិបាលបានដាក់ចេញរួមមានយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជនកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ បន្តយកចិត្តទុកដាក់សហការជាមួយ បណ្តាកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាពការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ឲ្យបានល្អបន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសបទល្មើសឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ការចាប់ជំរិតទារប្រាក់ ការជួញដូរមនុស្សជាដើម ៕