ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាព រដ្ឋមន្រ្តី ការបរទេសអង់គ្លេស Hugo Swire បានចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
មន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស ចក្រភពអង់គ្លេស បានប្រកាសថា រាជរដ្ឋាភិបាល របស់ខ្លួន នឹងផ្តល់ ថវិកាបន្ថែម ចំនួន ៥០ ម៉ឺនផោន ដល់សាលាក្តីខ្មែរក្រហម ខណៈប្រទេស មហាអំណាចមួយនេះ បានផ្តល់ថវិកា សរុប១០.៥លានដុល្លារ គិតចាប់ពី ឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ ដល់សាលាក្តីកូនកាត់មួយនេះ ។
លោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកកាសែតបន្ទាប់ ពីជំនួបនោះថា លោក Hugo Swire បានជំរាបជូនសម្តេចតេជោ ហ៊ុន សែនថា ចក្រភពអង់គ្លេស មានចេតនាល្អជាមួយកម្ពុជា ហើយលោក បានពិភាក្សា ជាមួយ អ្នកវិនិយោគអង់គ្លេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយអ្នកវិនិយោគ ទាំងនោះ មានជំនឿជឿជាក់យ៉ាងខ្លាំង ជា មួយរាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ដែរថា ជំនឿជឿជាក់នេះ នឹងនាំមកនូវអ្នកវិនិយោគ អង់គ្លេសជាច្រើនទៀត មកកាន់ ព្រះ រាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវក្តីរីកចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរ ពិសេស ទំហំពាណិជ្ជកម្ម មានការកើនឡើងរហូតដល់ ៧៤២លានដុល្លារអាមេរិកក្នុង ឆ្នាំ២០១៣។
សម្តេចតេជោ បន្តថា គប្បីណាយើងរកចំនុចផ្សេងទៀត ដើម្បីធ្វើយ៉ាងណាទាក់ទាញ អ្នកវិនិយោគពីចក្រ ភពអង់គ្លេស មក កម្ពុជា។
ចំពោះការសន្យាផ្តល់ថវិកា ដល់សាលាក្តីខ្មែរក្រហម សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ ប្រជាជន និងរាជរដ្ឋាភិបាល ចក្រ ភពអង់គ្លេស ដែលបានជួយកម្ពុជា ហើយជាប្រទេសដែលនាំមុខ ក្នុងការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ។
សម្តេចក៏បានថ្លែងអំណរគុណចំពោះអង់គ្លេស ដែលបានជួយកម្ពុជាលើវិស័យដោះមីន និងបានស្នើឲ្យចក្រភព អង់គ្លេស បន្ត សហការជួយដល់កម្ពុជា លើវិស័យអភិវឌ្ឍធនធានមនុស្សកម្ពុជា។
ចក្រភពអង់គ្លេស បានផ្តល់ជំនួយដល់កម្ពុជា លើផ្នែកសំខាន់ៗជាច្រើន រួមមាន វិស័យសុខាភិបាល បញ្ហាសិទ្ធិមនុស្ស លទ្ធិ ប្រជាធិប តេយ្យ និងអភិបាលកិច្ចល្អ ដែលផ្នែកទាំងបីនេះ ចក្រភពអង់គ្លេសបានផ្តល់ថវិកាប្រមាណ ៦០ លានដុល្លារអាមេរិក ដល់ព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១២កន្លងទៅនេះ ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស បានកើនឡើងដល់ ៧៤២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ កន្លងទៅ ក្នុង នោះកម្ពុជានាំចេញ ទៅកាន់ចក្រភពអង់គ្លេស មានចំនួនច្រើនជាង កម្ពុជានាំចូលពីចក្រភពអង់គ្លេស ពោលគឺមាន ការកើន ឡើងលើសឆ្នាំ២០១២ ៕