កំពត ៖ ខណ្ឌរដ្ខបាលជលផលកំពត រួមជាមួយនឹងកំលាំងនគរបាលវរការពារព្រំដែនលេខ២៤១កាលពីរាត្រីឆ្លងអាធ្រាតចូលថ្ងៃទី២០ខែមីនា ឆ្នាំ២០១៧ បានសហការបង្ក្រាបទូកអូសគូរវៀតណាមបានចំនួន៣គ្រឿង ស្ថិតត្រង់ចំណុចមុខកំពង់ផែវិញ ហ៊ួរ ក្នុងភូមិសាស្ត្រភូមិគីឡូ១២នៃឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងយុទ្ធនាការបង្ក្រាបខាងលើ ក៏មានការសម្របសម្រួលពីសំណាក់លោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផងដែរ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានប្រាប់អ្នកយកព័ត៌មានថា នៅវេលាម៉ោង១រំលងអាធ្រានឈានចូលថ្ងៃទី២០ខែមីនា ឆ្នាំ២០១៧ ខណៈដែលកំលាំងល្បាតក្នុងដែនសមុទ្រក៏ ប្រទះឃើញទូកអូសគូររបស់វៀតណាម កំពុងធ្វើសកម្មភាពនេសាទរំលោភចូលក្នុងដែនសមុទ្រកម្ពុជា មានចំនួន៤គ្រឿង ត្រង់ចំណុចមុខផែវិញ ហ៊ូរ នៃភូមិសាស្ត្រឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ទើបកំលាំងធ្វើការឃាត់ចាប់តែម្តង ក្នុងនោះ ក៏មានកំលាំងប្រជានេសាទដូនតោកជួយសហការដេញចាប់ផងដែរ ប៉ុន្តែដោយយប់ងងឹតពេក កំលាំងសមត្ថកិច្ចចាប់ឃាត់ទូកបានតែចំនួន៣គ្រឿងដែលមានលេខសម្គាល់ KG93304TS-KG91568TS និង KG93177TS ចំណែកទូកអូសគូរមួយគ្រឿងបានរត់រួច ។
លោកបានបញ្ជាក់ទៀតថា ក្នុងករណីបង្ក្រាបនេះយើង ក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៦នាក់ផងដែរ ហើយកំលាំងកំពុងរកដំណោះស្រាយដើម្បីវាយតម្លៃ ដោយសុំគោលការណ៍ពីលោកអភិបាលខេត្តកំពត ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា យោងតាមកិច្ចសហប្រតិបតិ្តការ រវាងខេត្តកំពតនិងខេត្តគៀងយ៉ាង កាលពីថ្ងៃ១៧ខែមីនា ឆ្នាំ២០១៧ ក៏មានកិច្ចប្រជុំមួយនៅស្រុកហាទៀង(វៀតណាម) ដោយលើកឡើងស្តីពីបាតុភាពទំនាស់រវាងអ្នកនេសាទខ្មែរនិងអ្នកនេសាទវៀតណាម នៅតំបន់ទឹកជាប់គ្នា ដោយភាគីទាំងពីរ បានឯកភាពទប់ស្កាត់មិនឱ្យមានទូកអូសគូរនៅក្នុងតំបន់នេះ ដើម្បីទុកឱ្យអ្នកនេសាទជាលក្ខណៈគ្រួសារមានលទ្ធភាពខ្លះៗសំរាប់ប្រកបមុខរបរនេសាទ ហើយក៏ដើម្បីជៀសវាងជម្លោះកើតឡើងក្នុងដែនសមុទ្រកន្លងមកផងដែរ៕