នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យអំពីនីតិវិធីនៃការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋដែលត្រូវចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(កម្មសិទ្ធិលើដីរដ្ឋ) ក្នុងខេត្តស្ទឹងត្រែង ដោយមានអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជំវិញខេត្ត មេឃុំ ចៅសង្កាត់ ព្រមទាំងប្រធានការិយាល័យមន្ទីរ និងប្រធានការិយាល័យ ដនសត និងនាក់ពាក់ព័ន្ធសរុបចំនួន៨៨នាក់។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើការពិនិត្យលើរបាយការណ៍ និងលើកឡើងពីបញ្ហាផ្សេងៗដែលមានការពាក់ព័ន្ធ និងការចុះអនុវត្តអំពីនីតិវិធីនៃការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋដែលត្រូវចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (កម្មសិទ្ធិលើដីរដ្ឋ)ម៉្យាងទៀតការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋអាចនាំឲ្យទ្រព្យសម្បត្តិរបស់នៅបានគង់វង្ស។ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ និងក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវទទួលខុសត្រូវ និងពន្លឿនការរៀបចំឯកសារពាក់ព័ន្ធនានាដើម្បីឲ្យការអនុវត្តនីតិវិធីនៃការចុះបញ្ជីសារពើ ភ័ណ្ឌទ្រព្យរដ្ឋបានលឿនចប់សព្វគ្រប់៕