ខេត្តមណ្ឌលគិរី : ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុក និងយុវជនគណបក្សស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់សាលាបឋមសិក្សាខ្ទង់ និងនាំយកសម្ភារមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋខ្វះខាត នៅក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម សាយ ម៉េងគីម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាលថ្នាក់ដឹកនាំគណបក្ស តែងតែគិតគូរពីការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសិស្សានុសិស្សនៅតំបន់ដាច់ស្រយាល។ លោកបានបញ្ជាក់ថា ការរៀបចំសាងសង់អគារសាលាបឋមសិក្សាខ្ទង់ដែលនៅតំបន់ដាច់ស្រយាលនាពេលនេះ គឺជាការចូលរួមគាំទ្រពីអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ដើម្បីឱ្យវិស័យអប់រំមានការរីកចម្រើន។
ឯកឧត្តមប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការសាងសង់សាលាបឋមសិក្សាខ្ទង់ ដែលមាន ១ខ្នង ស្មើ ៥បន្ទប់ និងទីចាត់ការ ១បន្ទប់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ភាគច្រើនជាជនជាតិដើមភាគតិច ដើម្បីងាយស្រួលក្នុងរៀនសូត្រ។ លោក សាយ ម៉េងគីម បានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត ក៏សូមឱ្យពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យជុំវិញផ្ទះ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។
នាឱកាសនោះ ឯកឧត្តម សាយ ម៉េងគីម និងសហការី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃគង់នៅវត្តចំនួន ០២ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ថា សម្ភារដែលថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយឡែក សម្រាប់ក្រុមការងារអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ បានផ្តល់ជាសម្លៀកបំពាក់ ម៉ាស់ និងសម្ភារមួយចំនួន ផ្តល់ជូនលោកគ្រូ និងសិស្សានុសិស្សជាង ២០០នាក់ផងដែរ៕