(ស្ទឹងត្រែង)៖ នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងទៅមកសាលារៀនបានងាយស្រួល ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវដី ស ចំនួន ២ ខ្សែ ប្រវែងជាង ២២ គីឡូម៉ែត្រដែលបានចំណាយថវិកាសាងសង់ ដោយមូលនិធិឃុំឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មី២០២២។
ថ្លែងនៅក្នុងពិធីសម្ពោធ ឯកឧត្តម ស្វាយ សំអ៊ាង បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការទូទាំងប្រទេស។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា÷ ផ្លូវដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំ ស្រែសំបូរ ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការបែងចែកកំណើនប្រកបដោយសមធម៌ ជាពិសេសចូលរួមអនុវត្តន៍គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាចុងក្រោយ ឯកឧត្តម ស្វាយ សំអ៊ាង ក៏ផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ប្រើប្រាស់ ឆ្លងកាត់ផ្លូវ ទាំង ២ ខ្សែ នេះ ក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅ សង់ខាងផ្លូវ នេះ ត្រូវគោរពច្បាប់ចរាចរណ៍ នឹង ចេះជួយថែរក្សា ដើម្បីឲ្យផ្លូវ ជាប់នឹងរឹងមាំ បានយូរ និង ងាយស្រួលក្នុងការដំណើររបស់បងប្អូនប្រជាពលរដ្ឋ។