ស្ទឹងត្រែង:ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ ខេត្តស្ទឹងត្រែងបានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាអធិកអធម នៅវត្តស្រះកែវមុនីវណ្ណ ហៅវត្តលើ ស្ថិតនៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។
ពិធីបុណ្យវិសាខបូជានេះបានប្រព្រឹត្តទៅដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវិសុទ្ធិមុនី នុ ចាន្ថា រាជាគណៈថ្នាក់កិត្តិយស ព្រះធម្មកោសលហ្ល័កខាំមេគណខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត ព្រមទាំងយុវជន យុវនារី បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ។
បុណ្យវិសាខបូជាត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំធ្វើជារៀងរាល់ឆ្នាំ ព្រោះបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត។ ពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។
បុណ្យវិសាខបូជាថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។
នៅក្នុងឱកាសបុណ្យវិសាខបូជានេះឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងរួមទាំងពុទ្ធបរិស័ទ្ធបានរាប់បាតឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនព្រមទាំងបានប្រគេនបច្ច័យសរុប ចំនួន ២.០៣៥.០០០រៀលសម្រាប់កសាងវត្តផងដែរ៕