ខេត្តព្រះសីហនុ ៖ ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់ បានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កំពុងកើតមានជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃ ឡើងកាន់តំណែងល្អៗបានដោយស្រួល ដូចយ៉ាងលោក ទុំ ណូ អតីតប្រធាន សាខាគយខេត្តប៉ៃលិន ដែលធ្លាប់សាងកំហុសយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ បែរជាត្រូវបានតែងតាំង ជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ ទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញស្ថាប័នគយ ។
ចាប់តាំងពី អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់តាំងលោក ទុំ ណូ ប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ ដើម្បីអ្វីដែលគេហៅថាពង្រឹងប្រសិទ្ធភាពប្រពន្ធឲ្យមានកំណើនប្រសើរជាងមុននោះ លុបបំបាត់អំពើពុករលួយ។
ថ្មីៗនេះមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅក្រុងព្រះសីហនុដែរនោះបានបង្ហើបឲ្យដឹងថា គេសង្កេតឃើញ ទំនិញគេចពន្ធរបស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែល ដោយគេសង្ស័យថា លោក ទុំ ណូ ដែលទើបទៅកាន់តំណែងថ្មី កំពុងដើរតាមគន្លងចាស់របស់លោក យ៉ឹក យូ ហើយមានការបន្តការចាត់តាំងមន្ត្រីថ្នាក់ក្រោមឲ្យប្រមូលលុយគ្មានវិក្កយបត្រ ពីឈ្មួញនាំទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ នេះមិនគិតពីផែឯកជនតូចៗនោះផង ដែលសុទ្ធតែជាប្រភពចំណូលខ្មៅចែកគ្នាច្រកហោប៉ៅស្រង់ដើមយ៉ាងក្រអឺតក្រទម ។
ដោយសារតែភ្លើងខៀវរបស់ លោក ទុំ ណូ ទំនិញនាំចូលដែលត្រូវបង់ពន្ធខ្ពស់ បង់ពន្ធជាប្រភេទទំនិញចម្រុះ ឬគ្រឿងបន្លាស់ទៅវិញ ហើយបង់ត្រឹមតែ ៣០ទៅ៤០ ភាគរយដែលនាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ ក្នុងមួយខែៗ តែប្រាក់ទាំងនោះបានធ្លាក់ចូលហោប៉ៅលោក ទុំ ណូ និងបក្ខពួក ។
សូមរំលឹកថា លោក ទុំ ណូ អតីតប្រធាន សាខាគយ ខេត្តប៉ៃលិនដែលសម្បូររឿងអាស្រូវ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ ត្រូវបានលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយដ្ឋាន គយនិងរដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម បានធ្វើជាអធិបតី ប្រកាសតែងតាំងជាប្រធានសាខាគយខេត្តព្រះសីហនុ ហើយលោក យ៉ឹក យូ ប្រធានសាខាគយ ខេត្តព្រះសីហនុ បានប្តូរទៅជាប្រធាន សាខាគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។
ប្រភពមិនច្បាស់ការបង្ហើបថា លោកមេគយកូនកាត់ ទុំ ណូ ចាយលុយតូយកប៉ុស្តិ៍ខ្លាញ់នេះប្រដេញគ្នារហូតដល់កន្លះលានដុល្លា។
គួររំលឹកថា ក្នុងអំឡុងពេលដែល លោក ទុំ ណូ កាន់តំណែងជា ប្រធានសាខាគយ ខេត្តប៉ៃលិន ក្រុមឈ្មួញ មានឱកាសពេញលិញក្នុងការ ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់ខេត្តប៉ៃលិន ដោយរលូន លោក ទុំ ណូ ក្នុងនាមជាប្រធានសាខាគយ ខេត្តប៉ៃលិន បានចាត់តាំងឲ្យមន្ត្រីស្និទ្ធក្រោមឱវាទ ប្រមូលលុយពីឈ្មួញ ដោយមិនខ្វល់ ពីការកែទម្រង់ អ្វីនោះឡើយ៕