នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខា ខេត្តស្ទឹងត្រែង ព្រមជាមួយនិងសមាជិកគណៈកម្មាធិការសាខា បានបន្តយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចាស់ជរា ជនមានពិការភាព សរុបចំនួន២១៥គ្រួសារ នៅតាមគោលដៅចំនួន ២កន្លែងក្នុងស្រុកថាឡាបរិវ៉ាត់រួមមាន៖
-ទីតាំងទី១.នៅវត្តអន្លង់ជ្រៃ ចំនួន៧០ គ្រួសារ ដែលមកពីភូមិ ភូមិអន្លង់ជ្រៃ
-ទីតាំងទី២៖ នៅវត្តអន្លង់ស្អំ (មកពីភូមិអន្លង់ស្អំ និងភូមិមន) សម្រាប់ប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់ នៅជាប្រចាំថ្ងៃ ជាពិសេសលោកយាយលោកតា បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកបំផុត។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជ. បានពាំនាំនូវសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះរដូវប្រាំងផុតទៅចូលមកដល់រដូវវស្សា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។ ជាពិសេសចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់គ្នា ទោះបីជាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពធូរស្រាលក៏ដោយ។
អំណោយផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម ,ត្រីខ ១យួរ, មី ១កេស, ឃីត១ (សារ៉ុង១ ក្រមា១ ភួយ១ មុង១)និងជែលលាងដៃចំនួន១ ។