ភ្នំពេញ ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ហើយចៀសវាងផ្សាយព័ត៌មានបំភ្លៃការពិត ធ្វើឱ្យសាធារណជនបាត់បង់ជំនឿទៅលើព័ត៌មាន។
តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៩ ថ្ងៃទី៣ ឧសភា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា៖ អ្នកសារព័ត៌មានខិតខំពុះពារជំនះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន និងស្វែងរកព័ត៌មានដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងលើសកលលោកដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹង អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ របស់ពួកគេបានយ៉ាងរហ័សទាន់សភាពការណ៍ ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លង និងការចម្លង នៃជំងឺកូវីដ-១៩ ចូលសហគមន៍ នៅកម្ពុជា ទទួលជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។
សម្ដេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវីស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឱ្យមានសក្តានុពលថែមទៀត និងចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័នសារព័ត៌មានទាំងមូល»។
ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានណែនាំដល់អ្នកសារព័ត៌មានកម្ពុជាបន្តចូលរួមអនុវត្ត និងធ្វើការផ្សព្វផ្សាយនូវវិធានការបង្ការជំងឺឆ្លង់កូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រមទាំង បន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញ ទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី១ និងដូសទី២។
ក្នុងលិខិតនោះដែរសម្ដេចតេជោ បន្ដថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អមួយ គួបផ្សំជាមួយការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការ ផ្លាស់ប្ដូររបៀបរស់នៅតាមបែបគន្លងថ្មី អាចជួយការពារឱ្យប្រជាពលរដ្ឋរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងកាត់ផ្ដាច់ការឆ្លង និងការចម្លងរាលដាលក្នុងសហគមន៍នៅពេលដ៏ខ្លីខាងមុខនេះ៕