Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កាំភ្លើងពិត កាំភ្លើងកែច្នៃ អន្ទាក់គ្រប់ប្រភេទគឺជាកត្តាគំរាមកំហែងដ៏ចម្បងដល់សត្វព្រៃ, យុទ្ធនាការអន្ទាក់សូន្យដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា

«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF នេះ ធ្វើឡើងក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាគោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់ន និងមាន លទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យរបស់យើងនៅពេលនេះ ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរដាក់អន្ទាក់និងបរបាញ់សត្វព្រៃឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងងាកទៅចាប់មុខរបរថ្មីជំនួសវិញ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចូលចិត្ត ហូបសាច់សត្វព្រៃឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ បញ្ឈប់ ការជួញដូរសំណាក់សត្វព្រៃ និងងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សសត្វ ព្រៃដើម្បីផលប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍ទេសចរណ៍ធម្មជាតិ។ យុទ្ធនាការ នេះ ក៏ជាការផ្តល់សញ្ញាមួយថ្មីនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសសត្វព្រៃគ្រប់ប្រភេទនៅតាមទីផ្សារតាម ភោជនីយដ្ឋាន តាមសណ្ឋាគារ ផ្ទះសំណាក់ និងនៅតាមតំបន់ទេសចរណ៍នានា តាមរយៈក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ជាក្រុមអ្នកអនុវត្តច្បាប់។

 

ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារ ដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។ «សត្វព្រៃមួយក្បាលៗ ដែលត្រូវបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ»។ នេះគឺជាការបញ្ជាក់ របស់រដ្ឋលេខាធិការក្រសួងបរិស្ថាននៅចំពោះមុខអននកចូលរួមដែលរួមមានព្រះសង្ឃ ប្រជាសហគមន៍ សិស្សានុសិស្ស អាជ្ញាធរពាក់ព័ន្ធ។

 

ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះមិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាកចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុង

ក្ រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បង ដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដីជាផ្នែកមួយនៃការប្រឈមមុខខ្លាំង។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធុការ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា៖«នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានល់ការអភិរក្សបន្ទាន់និងប្រកបដោយ ភាពច្នៃប្រឌិតដើម្បីចូលរួមទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង និងអង្គការដៃគូបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីរៀបចំឡើងនូវវិធានការអភិរក្ស ខ្លាំងក្លាជាងមុន ដើម្បីកាត់បន្ថយការបរបាញ់ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់»

 

នៅក្នុងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសត្វព្រៃ នៅក្នុងឆ្នាំ ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥ លើក សង្គ្រោះសត្វព្រៃបាន ១២៧១ ក្បាល រឹបអូសសត្វព្រៃងាប់ចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ត មន្ទីរបរិស្ថានដែលគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដីសរុបទំហំ ៨២៤ ៣៥៤,៧៣ ហិកតា និងមានឧទ្យានុរក្សចំនួន៦១នាក់ ស្រី០៦នាក់បានបង្ក្រាបបទល្មើសបានចំនួន ៣៥៩ ករណីពីដើមឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ ក្នុងនោះបានដកហូតអន្ទាក់បាន ចំនួន១.២៥២ ខ្សែ ជុងទាក់សត្វចំនួន៩០កង ម៉ងទាក់សត្វចំនួន ៣៤ ត្បូង ធ្នាក់ទាក់សត្វលលកចំនួន០១ លុបទាក់សត្វ ចំនួន០១ បណ្តឹងទាក់សត្វចំនួន២៥ ខ្សែ អង្គប់ដាក់សត្វចំនួន ៦០អង្គប់ អាវុធអាកាចំនួន០១ដើម កាំភ្លើងកែច្នៃចំនួន ៥២ដើម ស្នាតេះចំនួន១១ដើម ចំពាមកៅស៊ូចំនួន០៣។

 

ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងនោះមានបទល្មើសកាប់បំផ្លាញព្រៃ ឈើ និងសត្វព្រៃ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអភិ រក្សដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ផ្លាស់ប្តូរទម្លាប់ពលរដ្ឋមួយចំនួន ដែលមានទម្លាប់ចូលព្រៃប្រកបមុខរបរកាប់ឈើ និងប្រមាញ់សត្វព្រៃ ឱ្យមានជម្រើសថ្មី មុខរបរថ្មី សម្រាប់ប្រជាពលរដ្ឋដែល រស់នៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិ។ កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ ដើម្បីចិញ្ចឹមដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាននេះ គឺជាវិធានការជាក់ស្តែងដើម្បីការពារនិងអភិរក្ស ព្រៃឈើនិងសត្វព្រៃរបស់យើងឱ្យបានគង់វង្ស ដែលមិនមែនជាការអង្គុយបកផ្សែងប៉ុន្តែជាការពន្លត់ ភ្លើងសំដៅរក្សាព្រៃឱ្យបានគង់វង្សក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល» រកចំណូលតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ ពីទឹកដីនៃខេត្តស្ទឹងត្រែង ឯកឧត្តមរដ្ឋលេខាធិការ នេត្រ បានភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត។ ខ្ញុំសូមគូសបញ្ជាក់ថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បទល្មើសការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដោយច្បាប់។

 

នៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តស្ទឹងត្រែងនេះ ផងដែរ ផ្ទាំងប៉ាណូ ២ផ្ទាំងប្រឆាំងការបរបាញ់ ការដាក់អន្ទាក់ខុសច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ក៏ត្រូវបានសម្ពោធផ្សព្វផ្សាយដោយឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ស្វាយ សំអ៊ាង។ គណៈប្រតិភូក៏បានចុះពិនិត្យនៅក្នុងផ្សារស្ទឹងត្រែង ដែលល្បីល្បាញខាងការលួចលក់ដូរសត្វព្រៃ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានជម្រាបដល់ប្រជាពលរដ្ឋថា៖«សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកបានសម្លាប់ នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើន ជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សាររាប់រយពាន់ដង។ សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សូមនិយាយថាទេ! ចំពោះសាច់សត្វនិងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ។ សាច់សត្វព្រៃគ្មានអ្វីល្អឡើយ និងមិនអាចប៉ូវកម្លាំង ឬព្យាបាលជំងឺដូចជំនឿមួយចំនួនលើកឡើងឡើយ តែសាច់សត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកបរិភោគ ព្រោះតាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវអាចសម្លាប់ជីវិតមនុស្សបានយ៉ាងលឿន។ ការជឿថា ឆ្អឹងសត្វព្រៃ ឬឈាមសត្វព្រៃ អាចព្យាបាលជំងឺជាសះស្បើយ ជាការយល់ខុស តែវាអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ទៅវិញទេ»៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី