នៅវេលាម៉ោង៤៖00 ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងល្បាត អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យមាន ឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែនមុខណាហ្គាវើល មុខរបររត់រ៉ឺម៉កកង់បី និងផាស្អាប់។ ចាប់យកវត្ថុតាង ម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1T-4973។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង៤៖00 ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងបក្ខពួកម្នាក់ទៀតបានសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះកំពុងអង្គុយក្នុងរ៉ឺម៉កកង់បី ពិតប្រាកដមែន ប៉ុន្តែត្រូវបានជនរងគ្រោះ កញ្ឆក់ចាប់ដៃបានបណ្ដាលឲ្យដួលម៉ូតូ ខណៈពេលនោះពួកខ្លួនបាននាំគ្នារត់គេចរៀងៗខ្លួន ដោយរូបខ្លួនរត់តាមផ្លូវនរោត្តម ឡើងតាមផ្លូវសុធារស ចូលទៅលាក់ខ្លួននៅផ្សាររន្ទះបាញ់ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនតែម្ដង ។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕