ស្ទឹងត្រែង): នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានដឹកនាំកិច្ចប្រជុំស្តីពីការស្វែងរកដំណោះស្រាយដកហូតយកដីបម្រុងរបស់ក្រសួងកសិកម្មពីជនអនាធិបតេយ្យមួយចំនួនតូចដែលបានលួចទន្ទ្រានកាន់កាប់ ស្ថិតនៅក្នុងភូមិបានប៊ុង ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះប្រព្រឹត្តដោយមានការចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អភិបាលរងខេត្ត តំណាងអយ្យការសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលស្រុកសេសាន និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ឲ្យដឹងថា ដីបម្រុងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្នុងភូមិបានប៊ុង ឃុំភ្លុក ដែលជនអនាធិបតេយ្យលួចទន្ទ្រានកាន់កាប់នាពេលនេះ ជាដីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្លង់កាន់កាប់ស្របច្បាប់ត្រឹមត្រូវ ដែលដីបម្រុងនេះក្រសួងកសិកម្មមានគម្រោងរៀបចំជាមជ្ឈមណ្ឌលស្រាវជ្រាវពិសោធន៍ពូជដំណាំកសិកម្ម។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថាក្រុមជនអនាធិបតេយ្យដែលចូលមកទន្ទ្រានកាន់កាប់ដីកម្រុងរបស់ក្រុសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនាពេលនេះមានចំនួនសរុបទាំង៥០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះមិនមែនជាអ្នករស់នៅក្នុងមូលដ្ឋាននោះឡើយ។
លោក សុវណ្ណ ពិសេដ្ឋ បន្តថាភាគច្រើននៃក្រុមអនាធិបតេយ្យទាំងនេះជាក្រុមចំណូលស្រុកដែលពីមុនបានមកធ្វើកម្មករចំការកៅស៊ូរបស់ក្រុមហ៊ុនក្បែរតំបន់នេះ ហើយបានចូលមកកាប់ទន្ទ្រានដោយខុសច្បាប់នៅលើដីបម្រុងរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដែលមានប្លង់កាន់កាប់ត្រឹមត្រូវស្របច្បាប់។
គួរបញ្ជាក់ថាលទ្ធផលនៃកិច្ចប្រជុំស្វែងរកដំណោះស្រាយនារសៀលថ្ងៃដដែលនេះលោក អភិបាលខេត្តស្ទឹងត្រែងបានសម្រេចបង្កើតក្រុមការងារដែលសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរពាក់ព័ន្ធឲ្យចុះទៅអនុវត្តច្បាប់ដកហូតយកដីពីជនអនាធិបតេយ្យទាំងនោះមកវិញហើយប្រគល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រាប់ប្រើប្រាស់៕