នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ផលិត និងចែកចាយទឹកស្អាត សហគមន៍ព្រះរំកិលដែលមានកម្រិតទុនវិនិយោគ ១០៧.៩០៦,៧៨ដូល្លាអាមេរិច ដែលជាជំនួយរបស់អង្គការផ្លែនអន្តរជាតិ តាមរយៈអង្គការវឌ្ឍនភាព។
ពិធីនេះមានការអញ្ជេីញចូលរួមសំណាក់ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ មន្ទីរអង្គភាពមួយចំនួន លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការផ្លែអន្តរជាតិ លោក ស្រិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រេីននាក់ទៀត។
ស្ថានីយ៍នេះមានលទ្ធភាពផ្គត់ផ្គង់ទឹកបានចំនួន០៥ភូមិដែលនៅលើគោកនៃឃុំព្រះរំកិលរួមមាន៖ ភូមិអន្លង់ស្វាយ ភូមិលើ ភូមិកណ្តាល ភូមិក្រោម និងភូមិក្រឡាពាសក្នុងបរិមាណ៧០០គ្រួសារ ចាប់ពីខែមករា ឆ្នាំ២០២២ មកពេលនេះសហគមន៍គ្រប់គ្រងស្ថានីយ៍បានតភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋប្រើប្រាស់បាន ៣២៣បណ្តាញ និងបានកំពុងខិតខំពង្រីកការតភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋតាមការស្នើសុំជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរក៍មានការចែកអំណោយកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋចំនួន៨០ គ្រួសារ និងសម្ភារៈសិក្សាជូនប្អូនៗសិស្សានុសិស្សចំនួន៥០នាក់ ដោយឡែកអង្គការវឌ្ឍនភាពបានឧបត្ថម្ភម៉ូតូ០១គ្រឿង ជូនសហគមន៍គ្រប់គ្រងទឹកស្អាតដើម្បីប្រើប្រាស់ផងដែរ៕