កក្រក ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា” ដោយមានការដឹកនាំកិច្ចប្រជុំ ពីសំណាក់ ឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ៥ក្រុង-ស្រុក មន្ត្រីប្រតិបត្តិសាខា និងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ១៣នាក់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ ស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម កៀង វឌ្ឍនៈ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមកម្ពុជាតាមឃុំ និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបាននិងកំពុងបំពេញសកម្មភាពមនុស្សធម៌ទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ ឯកឧត្តម កៀង វឌ្ឍនៈ បានលើកឡើងពីចំណុចសំខាន់ៗនៃយុទ្ធសាស្រ្ត ២០២១-២០៣០ នូវទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ ដោយបន្ស៊ីជាមួយយុទ្ធសាស្រ្តរាជរដ្ឋាភិបាល និងសហព័ន្ធអន្តរជាតិ រួមជាមួយវិស័យអាទិភាពទាំង៤ ក៏ដូចជាការងារអាទិភាពនៃសកម្មភាពក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសាខាត្រៀមរៀបចំផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ក្នុងការពង្រឹងសមត្ថភាព សាខា-អនុសាខា-ក្រុមកាកបាទក្រហម ឱ្យក្លាយជាប្រតិបត្តិករជួរមុខដ៏សកម្ម ស្របនឹងទិសស្លោកជាសកល របស់ចលនាអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍក្រហម “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” និងបានបង្ហាញចំៗទៅកាន់សមាជិក-សមាជិកាកិច្ចប្រជុំ នូវចំណុចដៅទៅតាម វិស័យអាទិភាពនីមួយៗ និងកំណត់សូចនាករជាក់លាក់ ហើយទាញធាតុចូលពីគ្រប់សមាសភាពពាក់ព័ន្ធគឺ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ក្នុងដំណើរការកសាងផែនការអភិវឌ្ឍ ៥ឆ្នាំ របស់ សាខា ឱ្យសមស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម កៀង វឌ្ឍនៈ បានបន្ថែមទៀតថា យុទ្ធនាការកៀរគររកមូលនិធិ គឺទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅមិនយូរទៀតទេ កាកបាទក្រហមកម្ពុជា បានត្រៀមលក្ខណៈតាំងពីខែមករាមកម្លេះ ដូច្នេះសូមសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសាខាទាំង២៣ខេត្តផ្សេងទៀត សូមត្រៀមលក្ខណៈជាមុន ដើម្បីឲ្យទិវានេះដំណើរបានយ៉ាងរលូន និងកៀរគររកមូលនិធិ សម្រាប់ទុនរបស់សាខាបម្រើការងារមនុស្សធម៌ក្នុងការជួយសម្រាប់ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពកាន់តែល្អជាមុន៕