នាព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា អស់លោក លោកស្រីជាសមាជិក សមាជិកា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត រួមទាំងព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សិស្ស និស្សិត គរុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ ប្រមាណ ៣ពាន់៦០៨នាក់ ដែលបាននិមន្ត អញ្ជើញចូលរួម ប្រារព្ធធ្វើមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៨ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ១៩៧៨ ២ធ្នូឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯ.ឧ អ៊ឹង ហឿន អនុប្រធានគណៈកម្មាធិការបក្សខេត្ត និង ជាអនុប្រធានគណៈ កម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និង ជាសមាជិកក្រុមប្រឹក្សាខេត្ត ។
បន្ទាប់ពីគោរពភ្លេងជាតិ និង គោរពព្រះរាជវិញ្ញាណក្ខ័ន្ត រួចមក ឯ.ឧ អ៊ឹង ហឿន ក៏បានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង ជាប្រធានរដ្ឋសភា និង ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមីទ្ទិញអបអរសាទរខួប អនុស្សាវរីយ៍ទី៣៨ ថ្ងៃបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិ២ធ្នូ ឆ្នាំ១៩៧៨ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានចារិតជាប់ជានិច្ចនៅក្នុងដួងចិត្តនៃប្រជាជនខ្មែរគ្រប់ៗរូប ។ ដោយផ្អែកលើមូលដ្ឋាននេះហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជាយល់ឃើញថា រណសិរ្ស២ធ្នូ គឺ ជាបុព្វការីដ៏មានគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជាស្របទៅនឹងទិសស្លោកជាសច្ចធម៌ប្រវត្តិសាស្ត្រដែលថា មានថ្ងៃទី២ធ្នូទើបមានថ្ងៃទី៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗមកដល់បច្ចុប្បន្ននេះ ។
ស្មារតីថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា រណ សិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាអង្គការចាត់តាំងមហាជន មួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គី ដោយបានទទួលឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម និង ការគាំទ្រពីមិត្តភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជំនះដ៏ត្រចេះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុតដែលពុំធ្លាប់មាននៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និង ឱកាសដើម្បីស្ដារ និង កសាងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនឡើងវិញ ដែលនេះគឺជាសច្ចៈធម៌ ប្រវត្តិសាស្ត្រ ។
ក្នុងសន្ទរកថានោះដែរ ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៣៨ឆ្នាំកន្លងមកនេះ ក៏បានបង្ហាញនូវសមិទ្ធិផលលើគ្រប់វិស័យ និង ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយអភិវឌ្ឍន៍របស់ជាតិ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណដំណាកាលទី៣ ដែលជារបៀបវារៈនៃគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន និង ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយ ចិរភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងលើកកម្កើងនូវនីតិរដ្ឋ សមធម៌ និង យុត្តិធម៌សង្គម ដើម្បីលប់បំបាត់នូវរាល់បាតុភាពល្មើសច្បាប់នានា ។
ក្នុងខ្លឹមសារសុន្ទរកថា ក៏បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និង អង្គការសហប្រជាជាតិ ក្នុងការបង្កើតអង្គជំនុំជំរះវិសាមញ្ញនៅក្រោមច្បាប់កម្ពុជា ដើម្បីកាត់ក្តីឧក្រិដ្ឋជន សម្ខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងការផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា និង ជួយពង្រឹងនូវមូលដ្ឋាន ទប់ស្កាត់មិនឲ្យឧក្រិដ្ឋកម្មនេះ នឹងកើតឡើងជាថ្មីនៅកម្ពុជា ឬទីណាទៀតបានឡើយ ។
ក្នុងនោះដែរក៏មានតំណាងសមាជិក សមាជិការនៃអង្គមិទ្ទិញ បានមានចំណាប់អារម្មណ៍ និង ប្តេជ្ញាចិត្ត គាំទ្រ ស្មារតី២ធ្នូ ក្នុងការឆ្លើយតបចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជា គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេល៣៨ឆ្នាំកន្លងមកនេះ ៕