សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវទេយ្យទានមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់នៅវត្តខេមរៈបញ្ញារាម (ហៅវត្តថ្មី) ដែលបានជួបឧបទ្ទវហេតុឆេះវត្តទាំងស្រុង កាលពីយប់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ៩:១៥នាទី ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លើសពីនេះទៀត ឯកឧត្តម ក៏សូមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះវត្តអារាមនេះ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទ តែងតែ គោរព និងប្រណិប័តន៍តាមជារៀងរាល់ថ្ងៃ។
សម្ភារៈដែលផ្តល់ជូនរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៣កេស ត្រីខ ៥០កំប៉ុង ទឹកបរិសុទ្ធ ៣កេស ទឹកត្រី ២យួរ ភួយ២ ក្រមា២ ម៉ាស់ចំនួន៦ សាប៊ូលាងដៃ ៤ដុំ តង់២ និងបច្ច័យចំនួន ១,០០០,០០០រៀល ផងដែរ៕