មណ្ឌលគិរី÷ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងលោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសុរិយោដីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកអូររាំង និងអាជ្ញាធរក្រុងសែនមនោរម្យ បានអញ្ជើញអមដំណើរ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យ សិក្សាទីតាំងដីព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ទៅកាន់ លោក លោកស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាកុំឲ្យក្រុមឈ្មួញមួយចំនួន ឬក៏ប្រជាពលរដ្ឋខិលខូចមួយចំនួនឃុបឃិតគ្នាពុះជ្រៀកដីរដ្ឋចែកគ្នាឲ្យសោះ ដើម្បីរៀបចំស្តារឡើងវិញ និងសិក្សាឲ្យបានច្បាស់លាស់។
ឯកឧត្តម ថង សាវុន បានជម្រុញដល់មន្រ្តីជំនាញ ត្រូវធ្វើការគ្រប់គ្រងដីសួនស្រល់របស់រដ្ឋ និងរៀបចំធ្វើការកែលំអរនូវសោភ័ណ្ឌភាពទីធ្លាសួនស្រល់ ឲ្យមានបរិស្ថានល្អ ដើម្បីបង្កើនការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកំសាន្តក្នុងខេត្តមណ្ឌលគិរី កើនឡើងមួយកម្រិតថែមទៀតផងដែរ៕