ខេត្តរតនគិរី ៖ លោក នូវ ដារា នាយនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹង នៅព្រឹកថ្ងៃទី២០ខែវិច្ចិកាឆ្នាំ២០១៦នេះថា នៅម៉ោង២និង៤៥នាទីទៀបភ្លឺកំលាំង នគបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងចាប់រថយន្តយក្សដឹកឈើប្រណឹត១គ្រឿងយកមកស្នងការខេត្តទាំងយប់។
លោក នូវ ដារា នាយការិយាល័យរូបនេះបានបញ្ជាក់ថា រថយន្តខាងលើ ជាប្រភេទរថយន្តម៉ាកហ៊ី យ៉ាន់ ដាយ ចំណុះដប់តោន ពាក់ស្លាកលេខក្រចេះ៣A0410ត្រូវកំលាំងសហការចាប់បាន នៅចំណុចផ្លូវជាតិ លេខ៧៨ក្នុងភូមិសោមត្រក់ឃុំ ប៉ក់ញ៉ៃ ស្រុក អូរយ៉ាដា ខេត្តរតនគិរី។
លោកបានបញ្ជាក់ ចំណែកម្ចាស់រថយន្តនិងតៃកុងបានរត់គេចខ្លួនបាត់ ទាំងយប់។ដោយឡែក វត្ថុតាង បទល្មើសត្រូវរឹបអូសយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ក្នុងថ្ងៃដដែល។
ប្រភពផ្សេងទៀតបានបញ្ជាក់ខ្សឹបប្រាប់អោយដឹងថាៈរថយន្តដឹកបទល្មើសឈើប្រណឹតខាងលើគឺបើកលើបណ្តោយផ្លូវជាតិលេខ៧៨ក្នុងស្រុកអូរយ៉ាងឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារអន្តរៈជាតិ(អូរយ៉ាដាវ~លេថាញ់)។តែសង្ស័យមានការខ្វែងគំនិតដោយស៊ីស៊ុះមិនត្រូវរ៉ូវគ្នាទើបមានការបង្ក្រាប។
គួរបញ្ជាក់ថា បទល្មើសឈើនៅខេត្តរតនគិរីក្រោយពីមានការស្ងប់ស្ងាត់មួយចំអិតក្រពឺមកឃើញថាមានការផុសផុលឡើងវិញព្រោះការប្រព្រឹត្តទៅនៃក្រុមជនល្មើសនិងអជ្ញាធរនិងកងកំលាំងមានការត្រូវរ៉ូវគ្នាស៊ីតាមជំនាញ៕