ស្ទឹងត្រែង៖ នៅរសៀលថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ៦គីឡូ នឹង ៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ លូមូលចំនួន ១៦កន្លែង លូប្រអប់ចំនួន ២កន្លែង នឹងស្ពានធំៗចំនួន២កន្លែង (ទី១ ស្ពានអូរត្រែលប្រវែង ៩០ម៉ែត្រ និងទី២ ស្ពានកាំងតេជោប្រវែង ៣០ម៉ែត្រ) ក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។ បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានបន្តពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ១ខ្សែទៀតប្រវែងសរុប ៣៩៨ម៉ែត្រ ទទឹង ៦ម៉ែត្រ និងការងារជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១,០០០ម៉ែត្រ និងទទឹង ៦(ថវិកាមូលនិធិស្រុក និងឃុំ)ផ្លូវខាងលើនេះតភ្ជាប់ពីត្រើយម្ខាងនៃស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ តាមបណ្តោយទន្លេមេគង្គ ស្ថិតនៅចំណុច ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ ទីរួមស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត និងមន្រ្តីអមដំណើរបានបន្តចុះពិនិត្យការងារជួសជុលផ្លូវកៅស៊ូ DBST សរុបប្រវែង ១.៣៨៨ម៉ែត្រ ស្ថិតក្នុងក្រុងស្ទឹងត្រែងផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថាសមិទ្ធិផលសំខាន់ៗខាងលើនេះជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឲ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង៕