ខេត្តមណ្ឌលគិរី ៖ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី សហការជាមួយអាជ្ញាធរស្រុក ឃុំ បាននាំយកទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តចំនួន១១ ក្នុងស្រុកកោះញែក ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅវត្តរតនមណ្ឌលរង្សី ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អភិបាលរងខេត្ត បានទូលបន្ថែមថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាពិធីដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តែងតែចូលរួមប្រារព្ធជារៀងរាល់ឆ្នាំ ។ តែដោយឡែកនៅឆ្នាំនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ និងការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ រាជរដ្ឋាភិបាលបានផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងកំឡុងពេលពិធីបុណ្យនេះ។
ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ សូមចូលរួមអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ និងសូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាលក៏ដូចជារដ្ឋបាលខេត្ត- ស្រុក ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។ ម្យ៉ាងទៀតដើម្បីដោះស្រាយការខ្វះខាតនៅតាមទីវត្តអារាម សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បាននាំយកទេយ្យវត្ថុនិងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន ១១ ក្នុងស្រុកកោះញែក ក្នុង១វត្តៗទទួលបាន៖ អង្ករ ១០០គីឡូក្រាម មី ៩កេះ ត្រីខ ៩០កំប៉ុង ទឹកសុទ្ឋវិតាល់ ៥កេស ទឹកផ្លែឈើ៥កេស
ថវិកា ៤៥០.០០០រៀល៕