នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរីបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងតំណាងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានបំពេញបេសកម្មការងារនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និង ឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងនៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការសាលាខេត្ត លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិលចំនួន ១០ ដែលពិធីនេះធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។
តាងនាមថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ឯកឧត្តម អភិបាល រងខេត្ត បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលបានចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តមណ្ឌលគិរី តាមរយ:សកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីសាធារណៈនានាក្នុងខេត្តមណ្ឌលគិរី ។
ឯកឧត្តម សាយ ម៉េងគីម បានបន្តថា អង្គការ សមាគម គឺជាដៃគូមិនអាចខ្វះបាន ក្នុងការជួយកសាងនិងអភិវឌ្ឍន៍ខេត្ត ហើយរដ្ឋបាលខេត្តមណ្ឌលគិរីស្វាគមន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការ សមាគម ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។ តាមរយៈពិធីនេះដែរ លោកអភិបាលរងខេត្ត ក៏បានស្នើដល់អង្គការទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលដូចជា អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ ការពារ ៣កុំ មានវិធានការនានារបស់ក្រសួងសុខាភិបាល ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ឹម វុទ្ឋា អគ្គលេខាធិការរង នៃវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល បានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលើកស្ទួយខេត្តមណ្ឌលគិរីអោយមានការអភិវឌ្ឍកាន់តែប្រសើរឡើង ។
ឯកឧត្តម ស៊ឹម វុទ្ធា បានបញ្ជាក់ថា វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរខេត្តក្រុងទូទាំងប្រទេស ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីសាធារណៈ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសនៅតាមសាលារៀនរដ្ឋនានា ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងពេលបើកសាលារៀនឡើងវិញ ។ ម្យ៉ាងវិញទៀត វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល បានកសាងទំនាក់ទំនងល្អ កិច្ចសហការណ៍ជិតស្និទ្ធនិងគាំទ្រសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិល ព្រមទាំងជំរុញ លើកទឹក ចិត្តឲ្យមានកិច្ចសហការល្អរវាងសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ៕