មណ្ឌលគិរី៖ ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩,នាព្រឹកអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណេីរដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកអូររាំង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជម្ងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៩៨គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅក្នុងក្រុមពូឡាភូមិពូហ្យាម និងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ឯកឧត្តម បញ្ជាក់ថា នៅទូទាំងក្រុង ស្រុក ក្នុងខេត្តមណ្ឌលគិរីយើងនេះ កំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩ ។
អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ០១កេស, ត្រីខ ចំនួន ០១យួរ , ទឹកត្រី , ទឹកស៊ីអ៊ីវ ,ប្រេងឆា០១ដប, អំបិល, ប៊ីចេង និងម៉ាស់០១ដុំ សម្រាប់ជួយសម្រួលការហូបចុកប្រចាំថ្ងៃ និងកាពារជម្ងឺកូវីដ-១៩ផងដែរ ៕