ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ២៩២គ្រួសារ បានសម្ដែងនូវការព្រួយបារម្ភ ចំពោះការពុំព្រមព្រៀងសហការ រវាងលោកអភិបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទោះបីជាមានការស្នើសុំពីសំណាក់ស្ថាប័នតុលាការយ៉ាងណាក៏ដោយ ក៏លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានបង្ហាញនូវការព្រងើយកន្តើយដដែល ។
តំណាងប្រជាពលរដ្ឋបានឱ្យដឹងថា តុលាការខេត្តកណ្ដាលបានស្នើលិខិតមួយច្បាប់ទៅលោកអភិបាលខេត្តកណ្ដាល ដើម្បីស្នើសុំកងកម្លាំងប្រដាប់អាវុធធ្វើការចុះអនុវត្តសាលក្រមស្ថាពរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ តែមកដល់ពេលនេះលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពុំទាន់បានឆ្លើយតបទៅស្ថាប័នតុលាការដែលជាអំណាចទី៣ នៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ ។
ប្រភពព័ត៌មានក្រៅរបងតុលាការបានឱ្យដឹងថា តុលាការខេត្តកណ្ដាលបានធ្វើលិខិតស្នើសុំទៅលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីស្នើសុំកងកម្លាំងដើម្បីអនុវត្តសាលក្រមស្ថាពរនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ ។ ឥរិយាបថរបស់លោក ម៉ៅ ភិរុណ បានធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែការអនុវត្តសាលដីកានេះពីរដងរួចមកហើយ គឺគ្មានវត្តមានអាជ្ញាធរចូលរួមនោះទេ ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ភាពព្រងើយកន្តើយរបស់លោកអភិបាលខេត្តលោកម៉ៅ ភិរុណ ក្នុងការចេញលិខិតបញ្ជាកងកម្លាំង យោងតាមការស្នើសុំរបស់តុលាការនេះ ទំនងជាលោកអភិបាលខេត្តរូបនេះខ្លាចអំណាចលោកស្រីនាយិកា សៀង ចាន់ហេង ដែលជាអ្នកមានអំណាចខ្លាំង មួយរូបប្រចាំទឹកដីខេត្តកណ្ដាល ។ ដោយឡែកលោកស្រីនាយិកា សៀង ចាន់ហេង ក៏ពុំបានទាមទារ ឬធ្វើការប្ដឹងបន្តទៅសាលាឧទ្ធរណ៍ដែរ គឺនៅរង់ចាំតែអនុវត្តសាលក្រមស្ថាពររបស់តុលាការខេត្តកណ្ដាល ប្រគល់ដីឱ្យប្រជាពលរដ្ឋទាំង២៩២គ្រួសារ តែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា តុលាការខេត្តកណ្ដាលបានសម្រេចក្ដីប្រគល់ឱ្យទៅប្រជាពលរដ្ឋទាំង២៩២គ្រួសារនោះកាលពីឆ្នាំ២០០៦ មកម្ល៉េះ និងរង់ចាំតែអនុវត្តសាលក្រមអនុវត្តតែប៉ុណ្ណោះ ។ ការអូសបន្លាយការអនុវត្តសាលក្រមស្ថាពរនេះគឺអស់រយៈពេល១០ឆ្នាំ មកហើយដែរ ។
ហេតុផលនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទាំង២៩២គ្រួសារស្នើសុំទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន មេត្តាជួយដល់ប្រជាពលរដ្ឋ ដើម្បីទទួលបានដីស្រែចំការមកកាន់កាប់ដោយស្របច្បាប់វិញផង ។
សារព័តមានយើងនឹងព្យាយាមទំនាក់ទំនងទៅលោកអភិបាលខេត្ត ដើម្បីសំុការបំភ្លឺរាល់ការពាក់ព័ន្ធខាងលើនេះ៕