ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាយ ម៉េង គីម អភិបាលរខេត្ត លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុកពេជ្រាដា និងលោក នាងវណ្ណៈ នាយកទីចាត់ការរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញ (ZOOM) ស្តីពីរដ្ឋបាលរាជធានី-ខេត្ត ចូលរួមក្នុងយុទ្ធនាការជាតិ ក្រោមប្រធានបទ (រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងជម្រុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ៕