ត្បូងឃ្មុំ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង កងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំ ។
នៅក្នុងកិច្ចប្រជុំថ្ងៃនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់បញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុង ខេត្តត្បូងឃ្មុំនេះ ដែលសម្តេចបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង៣ប្រភេទមាន ប៉ូលីស ប៉េអឹង និងទាហ៊ានខេត្ត ត្រូវអនុវត្តការងារនេះអោយបានដាច់ខាត ជាពិសេសត្រូវចាត់វិធានការចំពោះមេក្លោងធំៗអោយបាន កុំចាប់បានតែប្រជាពលរដ្ឋតូចតាច។ ខេត្តត្បូងឃ្មុំជាខេត្តជាប់ព្រំប្រទល់វៀតណាម ដូច្នេះអាជ្ញាធរខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្តវៀតណាមដើម្បី រួមគា្នទប់ស្កាត់រាល់បទឧក្រិដ្ឋឆ្លងដែនទាំងឡាយ ជាពិសេសការដឹកឈើខុសច្បាប់ និងការជួញដូរថ្នាំញៀនជាដើម ។
ពាក់ព័ន្ធនឹងបញ្ហាផ្សារ អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំផ្សារដែល ទើបនឹងចេញថ្មីៗនេះ អោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះចែកជូនអាជីវករតាមផ្សារនិមួយៗ បន្ថែមទៀត។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀនដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុខសុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ ជាពិសេសគឺការធ្វើអត្តសញ្ញាណប័ណ្ណ និងសេវាសំណូមពរផ្សេងៗ ជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាព។ មន្ត្រីត្រូវគិតថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវបន្ទាបខ្លួន និងខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្ត្រីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយភ្នាក់ងារគយ និងពន្ឋដារដើម្បីប្រមូលពន្ធអោយមានប្រសិទ្ឋិភាព។
អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារធនធានធម្មជាតិ តំបន់អភិរក្ស ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានឆាប់និងមានប្រសិទ្ឋភាព។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នាចូលរួមអភិវឌ្ឍន៌ខេត្តត្បូងឃ្មុំ អោយកាន់តែរីកលូតលាស់ទៅមុខ ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ ៕