មណ្ឌលគិរីះ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងលោកស្រី វិន ស៊ីធួន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំង អមដំណើរដោយលោក លោកស្រីសមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក និងក្រុមយុវជនស្រុកអូររាំង បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តធម្មគិរីពេជ្រមាស (ហៅវត្តដាក់ដាំ) ក្នុងឃុំដាក់ដាំ ស្រុកអូររាំង។
ឯកឧត្តម សាយ ម៉េងគីម បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិកាគណបក្សខេត្ត តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនេះតែម្តង។ លោក បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និងទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ។
ឯកឧត្តម សាយ ម៉េងគីម បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា សម្ភារដែលប្រគេនជូនវត្តដាក់ដាំ រួមមានះ អង្ករ១០០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ត្រីខ២ឡូ ទឹកផ្លែឈេី២កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ម៉ាស២៥០ អអាល់កុល១០លីត្រ ទៀនវស្សា១គូរ ស្លាដក់១ បច្ច័យ៨៥មុឺនរៀល៕