ខេត្តប៉ៃលិន ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបលើកទី ១៥៣ ទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅបរិវេណសាលាខេត្ត ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការមកពីមន្ទីរនានាជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសរុបជាង ១ពាន់នាក់ កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០០១៦ ។
បន្ទាប់ពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃ លិន អានរបាយការណ៍រួចមក ឯកឧត្តម អ៊ី ឈាន បានថ្លែងថា រូបលោកសូមសម្តែងនូវមនោសញ្ចោតនាគោរព និងដឹងគុណដ៏ ជ្រាលជ្រោបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សុខភាពស្ត្រី និងកុមារ ដែលបានបង្កើតឡើងនូវសកម្មភាពមនុស្សធម៌ដ៏រស់រវើក ផ្តល់ជំនួយសង្គ្រោះគ្រប់ បែបយ៉ាងជូនប្រជាពលរដ្ឋរងគ្រោះ ជាពិសេសអ្នកកើត និងផ្ទុកមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន ជនពិការ ចាស់ជរា កុមារ ដោយមិនបែងចែក ឬរើសអើងសញ្ជាតិ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយអ្វី ឡើយ ។ ហើយថវិកាដែលប្រមូល និងទទួលបានពីសប្បុរសជនក្នុងខេត្ត និងមកពីរាជធានី-ខេត្តផ្សេងៗសរុបទាំងអស់ចំនួន ២៥៥.៩៦៨ដុល្លារសហរដ្ឋអាមេរិក ។
ឯកឧត្តម អ៊ី ឈាន បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាក្នុងពិធីដ៏មានតម្លៃ នាឱកាសនោះ ឯកឧត្តម បានបញ្ជាក់ថា ថវិកាដែលទទួលបាននាពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងយក ទៅជួយដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយក្នុងឧបទ្ទវហេតុផ្សេងៗ និងសម្រាប់បម្រើសម្មភាពអព់រំ ការថែទាំសុខភាព ការលើកកម្ពស់នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីរួមចំនែកដល់ការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ មានភាពល្អប្រសើរឡើងជាលំដាប់ផងដែរ ។/