មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីកម្មវិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋនិងកម្មវិធីសម្ពោធអណ្ដូងទឹកស្អាត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធាន អនុប្រធាន មន្ត្រីជំនាញកសិកម្ម អាជ្ញាធរភូមិ ឃុំ ស្រុក បានចុះពិនិត្យស្ថានភាពដំណាំស្រូវនៅភូមិណងប៊ួរ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ត្រីជំនាញកសិកម្ម ត្រូវចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយនឹងប្រជាកសិករ ក្នុងការជ្រើសរើសពូជ បច្ចេកទេស និងការថែទាំ ដល់កសិករ សម៧យកទៅអនុវត្តលើការដាំដុះជាក់ស្ដែង ដើម្បីឱ្យកសិផលលូតលាស់បានល្អ ផ្ដល់បានទិន្នផលខ្ពស់ ។ ក្រៅពីនេះ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវខិតខំដាំដំណាំហូបផ្លែ បន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ និងសម្រាប់លក់ទៅលើទីផ្សារយកកម្រៃបន្ថែមសម្រាប់ជីវភាពគ្រួសារ ។
បើតាមការឲ្យដឹងពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ផ្ទៃដីភ្ជួររាស់ អនុវត្តបានសរុបចំនួន ១៨ ០៧៤ ហិកតា ការអនុវត្តដាំដុះដំណាំស្រូវសរុប អនុវត្តបានចំនួន ១០ ៨៦៥ ហិកតា ក្នុងនោះ៖ ស្រូវចំការ អនុវត្តបានចំនួន ១ ១៧៧ ហិកតា ,ស្រូវស្រាលពង្រោះ អនុវត្តបានចំនួន ៣ ៣៨២ ហិកតា, ស្រូវកណ្ដាល សរុប ៥ ២៤២ហិកតា , ស្រូវធ្ងន់ពង្រោះ អនុវត្តបានចំនួន ១ ០៦៤ ហិកតា ៕