មណ្ឌលគិរីះ នារសៀលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយល អភិបាលរងខេត្តចំនួន៣រូប លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្ន នៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ភូមិដើមស្រល់ ភូមិ ជ្រៃសែន សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ដែលប្រជាពលរដ្ឋបានប៉ះពាល់ដោយផ្ទាល់ និង ប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលត្រូវធ្វើចត្តាឡីស័ក ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន នៃភូមិអូស្ពាន ភូមិដើមស្រល់ និង ភូមិជ្រៃសែន ស្ថិតក្នុងក្រុងសែនមនោរម្យ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី ត្រីខ ទឹកត្រី និង ម៉ាស់ ៕