មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត លោក ចាន់ រតនា នាយករងរដ្ឋបាលខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ពីក្រុមហ៊ុន ណេង ណា អ៉ិនវេនម៉ិនឯក ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19 និងដើម្បីឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ចែកចាយបន្ដទៅកាន់មន្រ្តីអង្គភាពជំនាញ និងសមត្ថកិច្ច ដែលឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ ពិធីនេះប្រព្រឹត្តិទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនណេង ណា អ៉ិនវេនម៉ិនឯក ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភអង្ករចំនួន ៥តោន និងសម្ភារមួយចំនួនទៀត ក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩។
ឯកឧត្តម បន្ថែមថា សម្រាប់អំណោយជាគ្រឿងឧបភោគបរិភោគនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់មន្រ្តីជំនាញ និងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីរកឃើញករណីស្លាប់ ១នាក់ និងមានវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើននាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ម្យ៉ាងទៀត ដើម្បីចែកជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ដែលក្រុមហ៊ុនណេង ណា អ៉ិនវេនម៉ិនឯក ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ រួមមានះ អង្ករ ៥តោន ត្រីខ ៥កេសធំ មី ៥០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៉ីវ ២០យួរ ទឹកសុទ្ធ ១០០យួរ ៕