មណ្ឌលគិរីះ នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត អមដំណើរដោយលោក លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងប្រចាំការ នៅតំបន់បិទខ្ទប់ជាបណ្តោះអាសន្ន នៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ភូមិដើមស្រល់ និង ភូមិជ្រៃសែន សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាព កងកម្លាំងប្រដាប់អាវុធដែលកំពុងប្រចាំការ និង ប្រជាពលរដ្ឋទូទៅ នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម ក៏បានអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា: សម្ភារ:ដែលចែកជូនដល់កងកម្លាំងប្រចាំការ ក្នុងតំបន់បិទខ្ទប់ទាំងបីទីតាំង រួមមាន ភូមិអូរស្ពាន ភូមិដើមស្រល់ និង ភូមិជ្រៃសែន ដែលទីតាំងនីមួយៗទទួលបាន ទឹកបរិសុទ្ធ ចំនួន ០៥ កេះ ម៉ាស់ ០៣ ប្រអប់ អាល់កុល ទឹកផ្លែឈើ មី និង ថវិកាចំនួន ៦០ម៉ឺនរៀលផងដែរ ៕