មណ្ឌលគិរី៖ ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន ៨០គ្រួសារ នៅឃុំចំនួន ២ គឺឃុំស្រែព្រះ និងឃុំស្រែខ្ទុម ក្នុងស្រុកកែវសីមា បានមកទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់ប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ ដែលជាការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តមណ្ឌលគិរី ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំផ្លូវ ត្រីស័ក .ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងអញ្ជេីញចូលរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ហ៊ែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុកកែវសីមា និងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងជនចាស់ជរាគ្មានទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្នុងការជួយដោះស្រាយដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។
ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ បន្ថែមលើសនេះ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ជប់ខ្ជួនលើវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមការបញ្ជាក់របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា មិនមែនមានតែពលរដ្ឋចំនួន ៨០គ្រួសារនេះទេ ដែលទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលខេត្តមណ្ឌលគិរី តាមតាមរយៈមន្ទីរសង្គមកិច្ច ក្នុងនោះផងដែរមន្ត្រីជំនាញ បានអនុវត្តការងារនេះជាប្រចាំ តួយ៉ាងគិតចាប់ពីឆ្នាំ២០២០ ស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ២ឆ្នាំ មានជីវភាពលំបាកបានទទួលការឧបត្ថមរៀងរាល់ខែ សរុបថវិកាប្រមាណជាង៣០០លានរៀលហើយគិតត្រឹមពេលនេះ ចំណែកគ្រួសារក្រីក្រជាង៥ពាន់គ្រួសារ ដែលទទួលបានប័ណ្ឌសមធម៌ក៏ទទួលបានថវិកាជាប្រចាំផងដែរ សរុបថវិកាប្រមាណជាង៩ពាន់លានរៀលគិតត្រឹមបច្ចុប្បន្ន។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារៗទទួលបាន: អង្ករចំនួន ២០ គីឡូ មីចំនួន ០១ កេស ត្រីខចំនួន ០១ យួរ ទឹកត្រីចំនួន ០១ យួរ ប្រេងឆាចំនួន ០១ ដប សាប៊ូ ០១ដុំ ជែលលាងដៃ ០១ ដបនិងម៉ាស់ចំនួន ១០ ម៉ាស់ផងដែរ ៕