មណ្ឌលគិរីះ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានប្រចាំការនៃគណ:កម្មាធិការគណបក្សប្រជាជនខេត្ត និងលោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក ឃុំ និងសកម្មជនយុវជនគណបក្សភូមិ និងសហការី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ ទី១ វត្តព្រហ្មសីមារាម ទី២ វត្តព្រះពុទ្ធមហានិម្មិតប៊ូស្រា និងទី៣ វត្តធម្មពេជ្រតេជោរាម ហៅវត្តស្រែអំពូម ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក សាយ ម៉េងគីម បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងការយកចិត្តទុកដាក់គិតគូរដោះស្រាយដល់ព្រះសង្ឃដែលកំពុងខ្វះខាតចង្ហាន់នៅតាមទីវត្តអារាមដែលនៅឆ្ងាយៗ ដោយសារ នៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅគ្រប់វត្តអាម នៅទូទាំងប្រទេស ក៏ដូចជា ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលក៏បាន ហាមឃាត់ការជួបជុំ ការប្រារព្ធពិធីផ្សេងៗ រួមទាំងការរឹតត្បិត ពិធីបុណ្យចូលឆ្នាំនេះផងដែរ។ លោក បន្ថែមថា ទេយ្យទាន និងបច្ច័យទាំងនេះ គឺជាការចូលរួមចំណែកពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនកម្ពុជាខេត្ត/ក្រុង/ស្រុក ដើម្បីដោះស្រាយការខ្វះខាតដល់ព្រះសង្ឃ ក្នុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។
លោក សាយ ម៉េងគីម បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងពិធីប្រគេន នូវទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គទាំង ០៣វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ឲ្យចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះ។
សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យ ប្រគេនវត្តចំនួន ០៣ រួមមានះ អង្ករ ៣០០គីឡូក្រាម ទឹកសុទ្ខ ១៥កេស ទឹកក្រូច ៦កេស មី ១៥យួរ ត្រីខ ៦ឡូ ទឹកត្រី ៦យួរ អាល់កុល ៣០លីត្រ ទឹកលាងដៃ ១៥លីត្រ ម៉ាស់ ៧៥០ម៉ាស់ និងថវិកាចំនួន ៩២០.០០០រៀល ដោយឡែក ក្រុមការងារយុវជនចុះជួយឃុំ ទឹកសុទ្ធ ៦កេស ទឹកផ្លែឈើ ៦កេសបន្ថែម ដើម្បីប្រគេនសម្រាប់វត្ត និងព្រះសង្ឃ ចំនួន ០៣វត្តផងដែរ៕