សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចូលរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសពដែលបានទទួលមរណភាពដោយសារគ្រោះធម្មជាតិ (ឈើរលំបាក់សង្កត់ពីលើ) ចំនួន ១គ្រួសារ និងក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២គ្រួសារទៀត ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ឯកឧត្តមអនុប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។ សម្រាប់ក្រុមគ្រួសារសព ក៏សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារដែលផ្ដល់ជូនសម្រាប់ក្រុមគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ម៉ាស់៥ សាប៊ូលាងដៃចំនួន ២ដុំ និងថវិកាចំនួន ៣០០,០០០រៀល។ ដោយឡែកសម្រាប់គ្រួសារនៃសពទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ម៉ាស់៥ សាប៊ូលាងដៃចំនួន ២ដុំ និងថវិកា ១,០០០,០០០រៀល៕