ថ្មីៗនេះមានករណីបែកធ្លាយរឿងកងរំពងឮពេញស្ថានទេវតាថា ផ្កាយ ២ ប៉ុល រតនា ចាប់ស្ត្រីឈ្មោះ យូ ចន្ថា បង្ខាំងឃុំទុករយៈពេល ៣យប់ ៤ថ្ងៃ ជម្រិតគំរាមឱ្យផ្តិតមេដៃត្រូវតែផ្តល់ដីទំហំ ១៨.៣០A ទៅឱ្យបក្ខពួកខ្លួនយ៉ាងឃោ ឃៅរបំផុត ។ ហើយត្រូវបានស្ត្រី យូ ចន្ថា ទទូចសុំអន្តរាគមន៍ទៅសមេ្តច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សុំ ឱ្យជួយជាបន្ទាន់ ។
យោងតាមការអំពាវនាវរបស់ស្ត្រីឈ្មោះ យូ ចន្ថា គឺបានសុំអន្តរាគមន៍ទៅឱ្យសមេ្តច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល កម្ពុជាជួយ ដែលកាលពីដែមខែ ក្នុងខែសីហា កន្លងមកនេះ មានករណីបណ្តឹងដ៍ធំមួយ ផ្អើលដល់ព្រះឥន្ទ ដែលលោកស្រី យូ ចន្ថា បានដាក់ពាក្យ ស្នើសុំអន្តរាគមន៍ គោរពចូលទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកម្មវត្ថុ នៃពាក្យស្នើសុំ អន្តរាគមន៍នោះ បានសរសេរថា “សំណើសុំសម្តេច មេត្តាជួយរក យុត្តិធម៌ដល់នាងខ្ញុំ ដែលត្រូវបានលោក ឧត្តមសេនីយ៍ទោ ប៉ុល រតនា រងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃុបឃិតគ្នា ជាមួយលោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូង រាជធានីភ្នំពេញ ចាប់ឃុំឃាំងនាងខ្ញុំចំនួន ៣យប់ ៤ថ្ងៃ ក្នុងបន្ទប់របស់លោក ។ ហើយបង្ខំនាងខ្ញុំ ឱ្យផ្តិតមេដៃ ប្រគល់ដីចំនួន ១៨ហិកតា ៣០អា ទៅឱ្យឈ្មោះ សេង ស៊ីហេង និងឈ្មោះ ឡាំ ឆាយគីម ជាតំណាងសមាគម ចិនហុកគៀន ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ” ។
យោងលិខិតឯកឧត្តម ហូ សិទ្ធី ចេញថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៥ ចុះលេខ ៩១០ ខន ០១៥ ។
យោងដីកាបញ្ជូនជាលើកទី ២ របស់ខុទ្ទកាល័យសមេ្តចនាយករដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយឯកឧត្តម ហូ សិទ្ធី ចេញថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥ ចុះលេខ ៩៧៤ ខន/០១៥ ។
ជាងនេះទៅទៀត ពាក់ព័ន្ធនឹងពាក្យស្នើសុំ អន្តរាគមន៍ខាងលើនេះ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានធ្វើដីកាបញ្ជូនចំនួន ០២ ក្នុងខែសីហាតែមួយ គឺដីកាបញ្ជូនទី១ លេខៈ ៩១០ ខន/០១៥ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៥ គោរពជូនទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ៊ឹម ឈុនលឹម និងដីកាបញ្ជូនទី២ លេខៈ ៩៧៤ ខន/០១៥ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥ គោរពជូនទៅ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឈនា ។
តាមមជ្ឈដ្ឋានមួយចំនួន ដែលបានដឹង ព័ត៌មាននោះខ្លះៗ ក៍បានអំពាវនាវដែរថា បើចង់ដឹងថា តើនរណាខុស ឬនរណាត្រូវ? អ្នកណាល្អ ឬអ្នកណាអាក្រក់? អ្នកណារងគ្រោះ ដ៍អយុត្តិធម៌ និងអ្នកណា ជាអ្នកឃុបឃិតគ្នា ប្រព្រិត្តអំពើអយុត្តិធម៌ ដ៍ធ្ងន់ធ្ងរនោះ គួរតែ ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត ករណីនេះជាបន្ទាន់ ដោយមិនលម្អៀង ប្រាកដជាអាច នឹងបានដឹងរឿងច្បាស់ (ដូចករណីឈានទៅចាប់ខ្លួន មន្ត្រីប៉ូលិសមួយចំនួន និងករណីចាប់ខ្លួនលោក អាំង មារតី យកទៅដាក់គុក) គំរូនោះស្រាប់។
ពាក់ព័ន្ធនឹងការទទួលបាន ឯកសារចាប់ជម្រិតមនុស្សឃុំទុកនេះ អង្គភាពគេហទំព័រយើង បានព្យាយាមទាក់ទង សុំការបំភ្លឺ ពីឧត្តមសេនីយ៍ទោ ប៉ុល រតនា និងពីលោក សៀង សុខ ព្រះរាជអាជ្ញារង ព្រមទាំងឈ្មោះ សេង ស៊ីហេង, ឡាំ ឆាយគីម ជាតំណាងសមាគម ចិនហុកគៀនដែរ… តែមិនអាចទាក់ទង បាននៅឡើយទេ ៕