មណ្ឌលគិរីះ ដោយមើលឃើញពីការខ្វះខាតរបស់ព្រះសង្ឃ ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅប្រទេសកម្ពុជា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងលោក ឈឹម កាន អនុប្រធានក្រុមការងារយុវជនកម្ពុជាខេត្ត លោក សាន់ ដារិទ្ធ អនុប្រធានក្រុមការងារយុវជនកម្ពុជាខេត្ត រួមទាំងប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសហការី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ០៣ ទី១ វត្តខេមរាបុញ្ញារាម (ហៅវត្តថ្មី) ទី២ វត្តសុវណ្ណសាមគ្គីមុនីសទ្ធារាម (ហៅវត្តត្រពាំងផ្អេរ) ក្នុងឃុំស្រែខ្ទុម និងទី៣ វត្តរស្មីសទ្ធាបុញ្ញាខេត្តារាម (ហៅវត្តស្រែព្រះ) ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម សាយ ម៉េងគីម បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងការយកចិត្តទុកដាក់គិតគូរដោះស្រាយ និងជួយទំនុកបំរុង ដល់ព្រះសង្ឃ ដែលកំពុងខ្វះខាតនៅចំពោះមុខបច្ចុប្បន្ន។ លោក បញ្ជាក់ថា នៅប្រទេសកម្ពុជា កំពុងតែរាតត្បាតនៃជំងឺកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ មានអ្នកឆ្លងជិត ១ម៉ឺននាក់ អ្នកជាសះស្បើយ ៣៤០០នាក់ និងស្លាប់ ៧៤នាក់ ហើយក្នុងនោះ នៅខេត្តមណ្ឌលគិរី មានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ម្យ៉ាងទៀត នៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅគ្រប់វត្តអាម នៅទូទាំងប្រទេស ក៏ដូចជា ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលក៏បាន ហាមឃាត់ការជួបជុំ ការប្រារព្ធពិធីផ្សេងៗ រួមទាំងការរឹតត្បិត ពិធីបុណ្យចូលឆ្នាំនេះផងដែរ។ លោក បន្ថែមថា ទេយ្យទាន និងបច្ច័យទាំងនេះ គឺជាការចូលរួមចំណែកពីលោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនកម្ពុជាខេត្ត/ក្រុង/ស្រុក ដើម្បីដោះស្រាយការខ្វះខាតដល់ព្រះសង្ឃ ក្នុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តម សាយ ម៉េងគីម បានសូមណូមពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងពិធីប្រគេន នូវទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គទាំង ៣វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី អោយចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះ។
សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យ ប្រគេនវត្តចំនួន ០៣ខាងលើ រួមមានះ អង្គរ ៣០០គីឡូក្រាម ទឹកសុទ្ធ វីតាល់ ១៥កេស ភេសជ្ជៈ ១៥កេស ត្រីខ ១៥ឡូ មី ៩កេស ទឹកត្រី ៦យួរ អាល់កុល ៣០លីត្រ ជែលលាងដៃ ១៥លីត្រ ម៉ាស់ចំនួន៧៥០ម៉ាស និងបច្ច័យចំនួន ៧៩ម៉ឺនរៀល ក្នុងបច្ច័យជូនយាយជី តាជីផងដែរ៕