ត្បូងឃ្មុំ ៖ថ្មីៗនេះក្រុមប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថាចាប់តាំងពីលោកព្រាប គារ៉ាត់ ជាមេគយចល័តចូលកាន់តំណែង
ក្នុងខេត្តត្បូងឃ្មុំពេលណាមក គេសង្កេតឃើញឈ្មួញរកស៊ីតូចតាចខ្លាចអំណាចរត់ទៅសុំជ្រកកោនសុំចរចា កុំឱ្យចាប់ទំនិញគេច ពន្ធលោតឆ័ត្រពួកខ្លួនដែលបង់ពន្ធមិនគ្រប់ ១០០% ព្រោងព្រាត ។ ហើយមិនតែប៉ុណ្ណោះក៏កើតក្តៅក្រហាយ ខឹងសម្បារនិង លោក ព្រាប គារ៉ាត់ យ៉ាងខ្លាំងដែលជម្រិតពួកគាត់បង្ខំឱ្យបង់លុយតាមតែទំនើងចិត្ត ដោយគ្មានការយោគយល់នោះ។
ដូចជា សម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសយួន គ្មានការបង់ពន្ធសោះ ឬបង់ពន្ធបក្ខពួកខ្សែធំនិយមនោះវិញ បែរជា (គយសិទ្ធិ)ព្រាប គារ៉ាត់ ខ្លាចអំណាចស៊ីសំណូកដាក់ខែ ទទួលស្រោមសំបុត្រ យោគយល់ទាំងញញើញញ័រ ហើយដែលរាល់បទល្មើសទាំងនោះ គឺជាប្រភពចំណូលមានបានមិនចេះរីង ស្ងួត សំរាប់លោកព្រាប គារ៉ាត់ ដាក់ចូលហោប៉ៅផ្ទាល់ខ្លួនមិនគួរណាបើលោកប្រតិភូមេគយធំ គុណ ញឹម មើលរំលងសកម្មភាពគាត់នោះទេ ។
តាមប្រជាពលរដ្ឋ បានរាយការណ៍ឱ្យដឹងបន្តថា សព្វថ្ងៃ លោកព្រាប គារ៉ាត់ ឬ(គយសិទ្ធិ) បានប្រព្រឹត្តអំពើពុករលួយយ៉ាង ចំហរបំផុតតាមរយៈទំនិញគេចពន្ធជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ ។ ឯជំនាញគយ ព្រាប គារ៉ាត់ វិញ បែរជាឃុបឃិតជាមួយឈ្មួញ បង់ពន្ធមិនគ្រប់ក្រោមរូបភាពរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធតាមតែទំនើងចិត្តលើបបបូរមាត់របស់មេគយចល័យរូបនេះ ប៉ុណ្ណោះ ហើយដែលរឿងនេះគួរណាស់ត្រូវបានស៊ើប អង្កេតដើម្បីទប់ស្កាត់ និងកុំឱ្យកើតមានករណីចាប់គោះទឹកហើយលែងសម្រាប់ឃុបឃិតបង់ខែថ្ងៃ ពីក្រុមឈ្មួញនោះ ។
មិនតែប៉ុណ្ណោះពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមានតម្លៃ តែគេបង់ពន្ធ ជារបៀបទំនិញចាប់ហួយ ឬតុ កៅអី ជ័រ៘ ទៅវិញ ហើយការបង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ១០-៤០ ទៅ ៥០ ភាគរយប៉ុណ្ណោះ ដើម្បីឃ្លាយកចំណេញទុកឱ្យមេលើ ឬការងារបក្ស និងទុកការពារតំណែងហើយករណីនេះ គឺជាចោរលួចជាតិ ហើយបានធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិ រាប់លានដុល្លារ ក្នុងមួយខែៗ នេះជាការ ទម្លាយរបស់ឈ្មួញ ។
ផ្ទុយទៅវិញ សំរាប់ប្រជាពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម ដូចជា ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចចិញ្ចឹមកូនចៅនោះត្រូវបាន លោកព្រាប គារ៉ាត់ បញ្ជាឱ្យមន្ត្រីតាមប្រមាញ់ស៊ីតទៅទៀត និងគាបជម្រិតឱ្យបង់លុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោក ដោយសម្តីអសុរោះបំផុតស្ទើរមិនអាចទ្រាំរកបាន ។
ប៉ុន្តែបើសម្រាប់ក្រុមឈ្មួញ រកស៊ីដឹកឈើខុសច្បាប់ ឆ្លងទៅវៀតណាម ដូចជាឈ្មោះ សាន ចយ, ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា វិញ គេមិនដែលឃើញ លោក ព្រាប គារ៉ាត់ (គយសិទ្ធិ)ក្រអឺតក្រទមហ៊ានទៅអើតឡឺមក្បែរនោះទេ ។ ហើយបែរឃុបឃិតគ្នា ជាមួយអ្នករក ស៊ីល្មើសច្បាប់ ដើម្បីបានលុយច្រកហោប៉ៅយ៉ាងព្រងើយ ដោយមិនខ្វល់ពី ការកែទម្រង់គយថ្នាក់ជាតិ និងការណែនាំរបស់លោក គុណ ញឹម ដែលជាមេគយនោះទេ។
ជាងនេះទៅទៀត ទំនិញគេចពន្ធទាំងនេះ មិនអាចគេចផុត ពីក្រសែភ្នែកសមត្ថកិច្ចគយ ព្រាប គារ៉ាត់ បានទេ ដោយគាត់បាន ចាត់ទុកទំនិញបទល្មើសតូច-ធំ ជាឆ្នាំងបាយ ជាប្រយោជន៍ សម្រាប់បំពេញការធ្វើមានបានផ្ទាល់ខ្លួន និងសេចក្តីត្រូវការ របស់ថ្នាក់លើ និងសម្រាប់ការពារតួនាទីនិងតំណែងខ្លួនយ៉ាងគ្រប់ទឹក ត្រូវប៉ាន់ដុះស្លែពីរបីខេត្តដែលគាត់កាន់កាប់នោះ រាប់ឆ្នាំមកហើយ មិនគួរថ្នាក់លើទុកឱ្យគាត់នៅប្រព្រឹត្តអំពើពុករលួយជាបន្តទៀតនោះទេ ។
ដោយឡែកថ្ងៃនេះដែរ អង្គភាពរបស់យើងពុំអាចសុំការបំភ្លឺពីនាយគយចល័តនេះបានឡើយ ព្រោះទូរស័ព្ទរបស់គាត់ផ្តល់ឱ្យ គឺនៅក្រៅតំបន់សេវាជានិច្ច ។