មណ្ឌលគិរី៖ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចប៉ុស្តិ៍ ៤ (ប៉ុស្តិ៍នគរបាលព្រំដែនគោកក្បាលដំរី) នៅក្នុងភូមិសាស្រ្តស្រុកពេជ្រាដា និងស្រុកកោះញែក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងកងកម្លាំងយោធាការពារព្រំដែន ដែលឈរជេីងនៅតាមគោលដៅ, ដោយក្នុងមួយស្ថាប័នទទួលបាន: អង្ករ ១តោន, មី ៨កេះធំ, ត្រីខ ៣កេះធំ, ម៉ាស់ ១០ប្រអប់, ទឹកបរិសុទ្ធ ៦០យួរ បាកាស ៣កេះ និងថវិកាចំនួន ៤លានរៀល។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តក៏បានអញ្ជេីញសួរសុខទុក្ខដល់កងវិស្វកម្មធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែន និងផ្តល់ជូនអំណោយ អង្ករ ១០០គីឡូ, មី ២កេះធំ និងថវិកាចំនួន ៥០ម៉ឺនរៀល សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃផងដែរ ៕