ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៥៨ ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំមមែសប្តស័ក តទៅចូលពុទ្ធសករាជ ២៥៥៩ ។
នឹងគណនាឆ្នាំមមែ ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៥ វេលាម៉ោង ១៤ និង០២នាទី ។ ពេលនោះព្រះអាទិត្យ ចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវ គោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម រាគ្យសៈទេវី ជាបុត្រីទី ៣ នៃកបិល មហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅពះកាណ៌ ដោយសៀតផ្កាឈូក អភរណៈទ្រង់ពាក់ កែវ មនោរា ភក្សាហារទ្រង់សោយ លោហិត ព្រះហស្ត ស្តាំទ្រង់ ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ ទ្រង់គង់លើខ្នង អស្សតរ (សេះ)ជាពាហនៈ ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្តជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រ ទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើម វិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពី បំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង ៧ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោ បង់អពមង្គលឱ្យជ្រះស្រឡះហើយចម្រើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំង ឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៥ វេលាម៉ោង ១៤ និង០២នាទី ជាថ្ងៃ ចូលឆ្នាំមមែ សប្តស័ក(ជាថ្ងៃមហាសង្ក្រាន្ត) ។
ថ្ងៃពុធ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ.ស ២០១៥ ជាវារៈវន័បត ។
ថ្ងៃព្រហៈ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៥ នៅវេលាម៉ោង ១៨ និង២១នាទី ៣៦វិនាទ ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំ មមែ សប្តស័ក ចុ.ស. ១៣៧៧ និងម.ស ១៩៣៧ តទៅ ។
នៅក្នុងឱកាសមហាសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿង សក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្ត អាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំង ចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យ សុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំ ឱ្យបានជាប់ជានិច្ច នោះទេវតា នឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
រណ្តាប់ទទួលទេវតា ៖
រណ្តាប់ទទួលទេវាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលីការផ្សេងៗ ។ ត្រូរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសី ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥)លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ជើងពាន មួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១១គូដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំង ចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទី រឮកលុះចប់ពិធីទទួលទេវតា ។
ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមនៅក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ថ្នាក់ ចុះ មក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មសមគួរដែរ ។ ចំពោះផ្លែ ឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ៥មុខ ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ៕
ដកស្រង់ចេញពី មហាសង្ក្រាន រៀបចំឡើងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ
សូមស្វែងរកជាវសៀវភៅ មហាសង្ក្រាន ដើម្បីស្វែងយល់ខ្លឹមសារលំអិត