មណ្ឌលគិរី៖ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរខេត្តមណ្ឌលគិរី បានដាក់ពង្រាយកម្លាំងនគរបាល កម្លាំងយោធា និងមន្ត្រីសុខាភិបាល តាមខ្សែបន្ទាត់ព្រំដែនចំនួន ៤៣គោលដៅសំខាន់ៗ និងមណ្ឌលធ្វើចត្តាឡីស័កតាមច្រកទ្វារទ្វេរភាគីព្រំដែន និងនៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តរតនគិរី ចៀសវាងមានការចម្លងចូលសហគមន៍ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ថ្លែងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង ដែលបានឈរជើងការពារតាមព្រំដែន ក្នុងភូមិសាស្រ្តស្រុកអូររាំង និងស្រុកកែវសីមា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ខណៈដែលប្រទេសជិតខាង កំពុងមានវិបត្តិជំងឺកូវីដ១៩ឆ្លងចូលសហគមន៍។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តមណ្ឌលគិរី បានប្រើប្រាស់កម្លាំងសរុបជិត៥០០នាក់ ដាក់ពង្រាយតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ឈរជើងនៅលើខ្សែបន្ទាត់ព្រំដែនមានចម្ងាយ៣១៤គីឡូម៉ែត្រ ដែលជាប់ខេត្តរបស់ប្រទេសវៀតណាមចំនួនបី គឺខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់នូវបញ្ហាលួចឆ្លងចេញចូលខុសច្បាប់ ជៀសវាង ការចម្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ក៏ដូចប្រជាពលរដ្ឋកម្ពុជាផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់បណ្តាកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។
ក្នុងការចុះសួរសុខទុក្ខនោះដែរ អាជ្ញាធរខេត្តមណ្ឌលគិរី បានបន្តចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧភោគបរិភោគជាច្រើនមុខ សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កម្លាំងនគរបាល និងយោធា ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងក្រុមការងារកងវិស្វកម្មអគ្គបញ្ជាការ ដែលកំពុងប្រយុទ្ឋយ៉ាងស្វិតស្វាញលើសមរភូមិកសាងផ្លូវថ្មី ដែលជាផ្លូវប្រវត្តិសាស្ត្រ ដ៏សំខាន់នាសម័យតេជោ ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយផងដែរ៕