ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ដែរបានចូលរួមសរុបចំនួន ១៤៥នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុប ផែនការ ឡើងអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារកិច្ចប្រត្តិបត្តិការប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត ជូនអង្គប្រជុំដេីម្បីជ្រាប និងធ្វេីការកែសម្រួលអត្ថន័យ ខ្លឹមសារនៃរបាយការណ៍។
បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក បានឡើងអានសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
មតិផ្តាំផ្ញើលោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ សូមឲ្យកងកម្លាំងនគរបាលជាតិ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទទួលបានប្រកាសផ្ទេរភារកិច្ចនិងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដេីម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ និងអនុវត្តការងារជំនាញតាមតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យទទួលបានលទ្ធផលល្អប្រសេីរបន្ថែមទៀត, ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងជាប្រចាំដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។